ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត៖ CIA ធ្លាប់កុហកថាអ៉ីរ៉ាក់មានអាវុធនុយក្លេអ៊ែរ, ដូច្នេះការសន្និដ្ឋានលើការស្លាប់របស់លោក Khashoggi មិនគួរឱ្យទុកចិត្តទាល់តែសោះ (Video Inside)
25-11-2018 15:55
(រីយ៉ាដ)៖ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Turki al-Faisal បានមានបន្ទូលថាការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ អាមេរិក CIA ថាព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែត លោក Jamal Khashoggi កាលពីខែតុលា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល គឺជារឿងមិនពិត និងមិនអាចទុកចិត្តបានទាល់តែសោះ។ នេះបើតាមការ
ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ក្នុងទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត អារ៉ាប់រួម ព្រះអង្គម្ចាស់ al-Faisal បានមានបន្ទូលដូច្នេះថា៖« ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ថាព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែត លោក Jamal Khashoggi គឺជារឿងមិនពិត និងមិនអាចទុកចិត្តបានទាល់តែសោះ...ពីព្រោះមុនសហរដ្ឋអាមេរិកឈ្លានពានអ៉ីរ៉ាក់ កាលពីឆ្នាំ២០០៣ ទីភ្នាក់ងារអាមេរិកមួយនេះក៏ធ្លាប់បានសន្និដ្ឋានដែរថាអ៉ីរ៉ាក់របស់សាដំាហូសេន មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែនៅទីបំផុតទើបគេដឹង ថាការសន្និដ្ឋាននេះគឺជាការកុហក»។
សូមជម្រាបថា ព្រះអង្គម្ចាស់ Turki al-Faisal គឺជាអតីតប្រធានទីភ្នាក់ងារស៉ើបការណ៍សំងាត់អារ៉ាប៊ីសាអូឌីត និងធ្លាប់ជាអគ្គរដ្ឋ ទូតអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិក៕