(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមបាតុករដែលបានប្រើប្រាស់ហិង្សាប្រឆាំងនឹងប៉ូលិស នៅអំឡុងបាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ និងគោលនយោបាយសេដ្ឋកិច្ចរបស់លោក នៅក្នុងទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមបាតុករច្រើនជាង ១០០,០០០នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ា នៅតាមទីតាំងចំនួន១៦០០កន្លែង នៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍។ បាតុកកម្មតវ៉ាភាគច្រើន ត្រូវបានធ្វើឡើងដោយសន្តិវិធី លើកលែងតែនៅវិថី Champs-Élysées នៃ
ទីក្រុងប៉ារីសតែប៉ុណ្ណោះ ដែលអំពើហិង្សាបានផ្ទុះឡើងរវាងបាតុករ ៨,០០០នាក់ និងប៉ូលសជាង៥,០០០នាក់ ដែលត្រូវបានដាក់ ពង្រាយនៅទីក្រុងប៉ារីស។ ក្រុមបាតុករទាំងនេះ បាននាំគ្នាតវ៉ាតាំងតែពីសប្ដាហ៍មុនមកម្លេះ ដើម្បីប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ និងគោលនយោបាយសេដ្ឋកិច្ចរបស់លោក ម៉ាក្រុង ហើយថែមទាំងបានស្នើឱ្យលោកចុះចេញពីតំណែងផងដែរ។
ប៉ុន្តែថ្លែងនៅលើ Twitter លោក ម៉ាក្រុង បានថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមបាតុករដែលបានប្រើប្រាស់ហិង្សាប្រឆាំងនឹង ប៉ូលិស និងចាត់ទុកថាវាគឺជាអំពើដ៏គួរឱ្យអាម៉ាស់។ ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«វាគឺជារឿងដ៏អាម៉ាស់ សម្រាប់អ្នកដែលប្រើហិង្សាប្រឆាំងនឹងអាជ្ញាធរ...ប្រទេសបារាំងមិនមានកន្លែងទំនេរសម្រាប់អំពើហិង្សាឡើយ»។
សូមជម្រាបថា តម្លៃប្រេងម៉ាស៊ូត ដែលជាឥន្ធនៈត្រូវបានប្រើបា្រស់ដ៏ពេញនិយមមួយសម្រាប់រថយន្ដនៅប្រទេសបារាំង បានកើន ឡើង២៣ភាគរយ ក្នុងរយៈពេល១២ខែចុងក្រោយនេះ ឬស្មើនឹង១.៧១ដុល្លារក្នុងមួយលីត្រ ហើយនេះគឺជាតម្លៃខ្ពស់បំផុតមួយ គិតចាប់តាំងពីឆ្នាំ២០០០មក។ ដោយឡែក បើតាមប៉ូលិសបារាំង មនុស្ស១៩នាក់ ក្នុងនោះរួមមានប៉ូលិស៤នាក់ បានរងរបួស ខណៈមនុស្ស១៣០នាក់ ត្រូវចាប់ខ្លួន៕