(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យនេះ បានសម្ដែងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបរាជ័យរបស់គណបក្សកាន់ អំណាចតៃវ៉ាន់បច្ចុប្បន្ន Democratic Progressive Party (DPP) នៅក្នុងការបោះឆ្នោតថ្នាក់តំបន់កាលពីថ្ងៃសៅរ៍ ហើយចាត់ ទុកថាបរាជ័យនេះបានបង្ហាញថាប្រជាជនតៃវ៉ាន់ចង់បានទំនាក់ទំនងសន្តិភាពជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
បរាជ័យរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន ឬ Democratic Progressive Party (DPP) ដែលជាអ្នកគាំទ្រការ ទាមទារឯករាជ្យ និងផ្ដាច់ខ្លួនពីចិនដីគោក ក៏បានបង្ខំឱ្យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen លាលែងពីតំណែងជា ប្រធានបក្ស DPP ជាការទទួលខុសត្រូវផងដែរ។ គណបក្ស DPP បានគ្រប់គ្រងទីក្រុងតែចំនួន០៦ប៉ុណ្ណោះ ក្នុងចំណោម ទីក្រុងទាំងអស់នៃកោះតៃវ៉ាន់ បើប្រៀបធៀបទៅនឹងគណបក្ស Kuomintang ដែលមានទំនាក់ទំនងល្អជាមួយចិនបានគ្រប់គ្រង ទីក្រុងចំនួន១៥ ក្រោយការបោះឆ្នោតថ្នាក់តំបន់។
ដោយឡែក រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបរាជ័យរបស់គណបក្ស DPP ហើយចាត់ ទុកថាបរាជ័យនេះបានបង្ហាញថាប្រជាជនតៃវ៉ាន់ចង់បានទំនាក់ទំនងសន្តិភាពជាមួយចិន។ ការិយាល័យចិនទទួលបន្ទុកកិច្ចការ តៃវ៉ាន់បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា៖«លទ្ធផលបោះឆ្នោតនៅពេលនេះ បានបង្ហាញយ៉ាងច្បាស់
ថាប្រជាជនតៃវ៉ាន់ចង់បានទំនាក់ទំនងសន្តិភាព និងចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍទំនាក់ទំនងជាមួយចិន...»។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចជាប្រធានាធិបតីតៃវ៉ាន់ តាំងពីឆ្នាំ២០១៦មក លោកស្រី Tsai Ing-wen ទំនាក់ទំនង រវាងកោះតៃវ៉ាន់ និងចិន មានភាពតានតឹងយ៉ាងខ្លាំង ដោយសារតែគោលជំហរចង់បានឯករាជ្យពីចិនរបស់លោកស្រី បើទោះជា ទីក្រុងប៉េកាំង ព្រមានម្ដងហើយម្ដងទៀតពីការប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ក៏ដោយ៕