(ដាម៉ាស់)៖ ចំនួនជនស៊ីវិលស៉ីរី ក្នុងនោះមានទាំងកុមារ ដែលបានរងរបួសនៅក្នុងការវាយប្រហារដោយអាវុធគីមីពីសំណាក់ ក្រុមសកម្មប្រយុទ្ធនៅតាមតំបន់ជាច្រើននៃខេត្ត Aleppo បានកើនដល់៦៥នាក់ហើយ។ នេះបើតាម al-Watan ដកស្រង់ដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
សារព័ត៌មានស៉ីរី al-Watan បានឱ្យដឹងទៀតថា កាលពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍ មន្ទីរពេទ្យ ar-Razi hospital បានទទួល ព្យាបាលអ្នករងរបួស២១នាក់។ ប៉ុន្តែចំនួនអ្នករងរបួសនេះបានកើនដល់៦៥នាក់ ក្រោយអ្នករងរបួស៤៤នាក់ផ្សេងទៀតក្នុងនោះ រួមមានទាំងកុមារត្រូវបានគេទទួលស្គាល់ថាកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Aleppo University Hospital។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋាភិបាលស៉ីរីបានអះអាងថា ក្រុមសកម្មប្រយុទ្ធបានប្រើប្រាស់ឧស្ម័នក្លរវាយប្រហារ លើតំបន់ al-Khalidiye, Al Zahraa និងតំបន់ Nile Street នៃខេត្ត Aleppo ដែលត្រូវបានកងទ័ពស៉ីរី វាយយកមកវិញពី
ក្រុមសកម្មប្រយុទ្ធកាលពីឆ្នាំ២០១៦។ ប៉ុន្តែព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ក៏ធ្លាប់បាន ព្រមានដែរថាខ្លួននឹងមិនរារែកឡើយក្នុងការបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងកងកម្លាំងស៉ីរី បើសិនជាទីក្រុង
ដាម៉ាស់ ប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៉ីវិល៕