(ម៉ូស្គូ)៖ ប្រធានក្រុមហ៊ុនអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin បាននិយាយថារុស្ស៊ីនឹងធ្វើការបញ្ជាក់ឡើងវិញថា តើសហរដ្ឋអាមេរិកពិតជាបានឡើងទៅដល់ឋានព្រះចន្ទមែន ឬក៏ជាការកុហក នៅពេលដែលក្រុមអវកាសយានិករុស្ស៊ីទៅត្រួត ពិនិត្យផ្កាយរណបផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Dmitry Rogozin ធ្វើការកត់សម្គាល់បែបនេះ ឆ្លើយតបទៅនឹងសំណួរទាក់ទិននឹងការរុករកឋានព្រះចន្ទ។ លោក Rogozin បានគូសបញ្ជាក់ដូច្នេះថា៖«យើងបានកំណត់ភារកិច្ចមួយ...ហើយយើងនឹងធ្វើដំណើរទៅកាន់ទីនោះ (ឋានព្រះចន្ទ) ព្រមទាំងត្រួតពិនិត្យឱ្យច្បាស់ថាពួកគេ (សហរដ្ឋអាមេរិក) ពិតជាធ្លាប់បានទៅដល់ទីនោះមែនឬយ៉ាងណា?...សហរដ្ឋអាមេរិក បានអះអាងថាពួកគេធ្លាប់ទៅដល់ទីនោះ ដូច្នេះពួកយើងនឹងបញ្ជាក់ឱ្យច្បាស់»។ លោក Rogozin ក៏បានបន្ថែមដែរថា ក្រុមអវកាសយានិករុស្ស៊ីនឹងយកជើងជាន់ឋានព្រះចន្ទជាលើកដំបូងនៅដើមឆ្នាំ២០៣០ ក្នុងបេសកកម្មមួយមានរយៈពេល
១៤ថ្ងៃ។
គួររំលឹកថា អតីតអវកាសយានិកអាមេរិក លោក Neil Armstrong គឺជាមនុស្សដំបូងគេបំផុតដែលបានយកជើងជាន់ ឋានព្រះចន្ទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ បន្ទាប់ពីអតីតអវកាសយានិកសូវៀត លោក Yury Gagarin បានឡើងទៅ ដល់ទីអវកាសមុនគេ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។ ប៉ុន្តែបើតាមការស្ទង់មតិជាច្រើន ប្រជាជនអាមេរិកពី ៧ ដល់២០ ភាគរយ នៅតែជឿថាកម្មវិធីឋានព្រះចន្ទរបស់រដ្ឋាភិបាលអាមេរិក កាលជំនាន់នោះគឺជារឿងកុហក៕