(ហ្ស៊ីមបាវេ)៖ អតីតប្រធានាធិបតីហ្ស៊ីមបាវេ លោក Robert Mugabe ដែលកំពុងទទួលការព្យាបាលជំងឺក្នុងប្រទេសសិង្ហបុរី អស់រយៈពេលជាង២ខែមកនេះ មិនអាចដើរបានតទៅទៀតឡើយ។ នេះបើតាម លោក Emmerson Mnangagwa ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមប្រធានាធិបតីហ្ស៊ីមបាវេបច្ចុប្បន្ន លោក Emmerson Mnangagwa លោក Mugabe បាននិងកំពុងទទួលការ
ព្យាបាលជំងឺនៅក្នុងប្រទេសសិង្ហបុរី អស់រយៈពេលជាង២ខែមកហើយ តែលោកមិនបានបញ្ជាក់ថាជាជំងឺអ្វីនោះទេ ដោយគ្រាន់ តែឱ្យដឹងថាអតីតប្រធានាធិបតីរូបនេះនឹងត្រឡប់បមកកាន់ប្រទេសហ្ស៊ីមបាវេវិញ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។
លោក Mnangagwa បានបន្ថែមដូច្នេះថា៖«តាមការពិតគាត់ (លោក Mugabe) ត្រូវត្រឡប់មកកាន់ប្រទេសហ្ស៊ីមបាវេវិញ តាំងតែពីថ្ងៃទី១៥ ខែតុលាមកម្លេះ...ហើយយើងក៏ទទួលបានព័ត៌មានផងដែរថា គាត់មិនមានអារម្មណ៍ល្អក្នុងការបន្តស្នាក់នៅ ក្នុងប្រទេសសិង្ហបុរី។ ម្យ៉ាងវិញទៀត បើទោះជាគាត់មិនអាចដើរបានតទៅទៀតក៏ដោយ តែគាត់នឹងត្រឡប់មកកាន់ប្រទេស ហ្ស៊ីមបាវេវិញនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ»។
សូមជម្រាបថា លោក Robert Mugabe បច្ចុប្បន្នមានអាយុ៩៤ឆ្នាំ ហើយលោកត្រូវបានយោធាបណ្ដេញចេញពីអំណាចកាលពី ឆ្នាំ២០១៧ ក្រោយកាន់អំណាចជាង៣៧ឆ្នាំ៕