(ស៉ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៉ីរី (SOHR) បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ISIS បានសម្លាប់ក្រុមអ្នកប្រយុទ្ធឃើដ គាំទ្រដោយសហរដ្ឋអាមេរិក ៤៧នាក់ នៅក្នុងការវាយប្រយុទ្ធគ្នាដ៏សាហាវមួយ អស់រយៈពេលជាង២ថ្ងៃមកនេះ នៅឯតំបន់
ភាគខាងកើតប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការវាយប្រយុទ្ធគា្នរវាងកងកម្លាំងប្រជាធិបតេយ្យស៉ីរី (SDF) គំាទ្រដោយសហរដ្ឋអាមេរិក និងក្រុមសកម្មប្រយុទ្ធ ISIS កំពុងធ្វើ ឡើយយ៉ាងក្ដៅគគុកនៅតាមតំបន់ជាច្រើននៃខេត្ត Deir Ezzor ភាគខាងកើតប្រទេសស៉ីរី។ ប៉ុន្តែព្រមពេលជាមួយគ្នា នៅក្នុង ការវាយប្រយុទ្ធគ្នានោះ ក្រុមសកម្មប្រយុទ្ធ ISIS បានបើកការវាយលុកជាបីដំណាក់កាល ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃសៅរ៍ ដោយផ្ដាច់ជីវិតក្រុមអ្នកប្រយុទ្ធ SDF ២៩នាក់ ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៤៧នាក់ ខណៈក្រុម ISIS ៣៩នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រយុទ្ធគា្នអស់រយៈពេល២ថ្ងៃមកនេះ។
លើសពីនេះទៅទៀត បើតាមក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៉ីរី (SOHR) ក្រុមសកម្មប្រយុទ្ធ ISIS បានបើកការវាយលុក ដោយមានគោលដៅលើភូមិ Al-Bahra និងភូមិ Gharanij ព្រមទាំងតំបន់ជាច្រើនទៀតដែលស្ថិតនៅក្បែរតំបន់ប្រេង Al-Tanak ផងដែរ។
គួរបញ្ជាក់ថា សង្រ្គាមស៉ីរីដែលបានផ្ទុះឡើងតាំងតែពីឆ្នាំ២០១១មក បានផ្ដាច់ជីវិតមនុស្សច្រើនជាង ៣៦០,០០០នាក់ និងបង្ខំឱ្យ ប្រជាជនស៉ីរីរាប់លាននាក់ក្លាយជាជនភៀសខ្លួន ហើយបើទោះជាបច្ចុប្បន្ន កងទ័ពរដ្ឋាភិបាលស៉ីរីបានគ្រប់គ្រងទឹកដីស្ទើតែទាំង ស្រុងក៏ដោយ តែការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាន ជាពិសេសនៅតំបន់ភាគខាងកើតប្រទេសស៉ីរី៕