(ឡុងដ៍)៖ ប្រមុខយោធាអង់គ្លេស លោកឧត្ដមសេនីយ៍ Mark Carleton-Smith បាននិយាយថាបច្ចុប្បន្នការគំរាមកំហែងរបស់ រុស្ស៊ីចំពោះសន្តិសុខជាតិអង់គ្លេស គឺមានទំហំធំធេងជាងពួកភេរវករ ISIS ទៅទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក Carleton-Smith ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph នៅក្នុង សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ឧត្ដមសេនីយ៍រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«រុស្ស៊ីកំពុងព្យាយាមទាញយកប្រយោជន៍តាម រយៈការបង្កការគំរាមកំហែងដល់បណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺការវាយប្រហារផ្នែកព័ត៌មានវិទ្យា...ហើយការគំរាម កំហែងរបស់រុស្ស៊ីចំពោះសន្តិសុខជាតិអង់គ្លេសគឺមានទំហំធំធេងជាងពួកភេរវករ ISIS និងក្រុមអាល់កៃដា ទៅទៀត»។
សូមជម្រាបថា លោក Carleton-Smith បានឡើងកាន់តំណែងជាប្រធានអគ្គសេនាធិការយោធាអង់គ្លេស កាលពីខែមិថុនា កន្លងទៅ ហើយមិនតែប៉ុណ្ណោះលោកក៏ធ្លាប់បានដឹកនាំប្រតិបត្តិការតាមស្វែងរកអតីតមេភេរវករ Osama bin Laden ផងដែរ៕