(ប៉ារីស)៖ ប៉ូលិសបារាំង នៅថ្ងៃសៅរ៍នេះ បានបង្ខំចិត្តប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ដែលនាំគ្នាតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ ជាមួយការស្រែកទាមទារឱ្យប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសបានផ្ទុះឡើងនៅឯវិថី Champs-Elysées ក្នុងទីក្រុងប៉ារីស។ ដោយឡែក បើតាម
ប៉ូលិសបារាំង ក្រុមបាតុករប្រមាណ ៣០,០០០នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ សម្រាប់ថ្ងៃចុងសប្ដាហ៍ ជាលើកទី២។ បន្ថែមពីលើនេះ វីដេអូត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនង ក៏បានបង្ហាញដែរថាក្រុមបាតុករមួយចំនួនបាន គប់ផាវ និងវត្ថុខ្លះទៅលើអាជ្ញាធរ ជាហេតុបង្ខំឱ្យប៉ូលិស និងកងកម្លាំងសន្តិសុខបារាំងប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័ន បង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទាំងនេះ។ តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីអ្នករងរបួស ឬត្រូវចាប់ខ្លួននៅឡើយទេ។
សូមជម្រាបថា តម្លៃប្រេងម៉ាស៊ូត ដែលជាឥន្ធនៈត្រូវបានប្រើបា្រស់ដ៏ពេញនិយមមួយសម្រាប់រថយន្ដនៅប្រទេសបារាំង បានកើន ឡើង២៣ភាគរយ ក្នុងរយៈពេល១២ខែចុងក្រោយនេះ ឬស្មើនឹង១.៧១ដុល្លារក្នុងមួយលីត្រ ហើយនេះគឺជាតម្លៃខ្ពស់បំផុតមួយ គិតចាប់តាំងពីឆ្នាំ២០០០មក៕