(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេចបញ្ឈប់ការកំណត់អត្តសញ្ញាណ សាកសពជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Lion Air នៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែមុននោះហើយ ក៏ប៉ុន្តែបានសន្យាថានឹងប្រគល់ប្រាក់ធានារ៉ាប់រង ជូនដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់៕
២៖ កងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន បានចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ហើយក្រោយពីកើតមានករណីបំផ្ទុះគ្រាប់បែក អត្តឃាត នៅក្បែរស្ថានកុងស៊ុលចិនប្រចាំទីក្រុងកំពង់ផែការ៉ាជី (Karachi) នៃភាគខាងត្បូងប្រទេស ដែលបានបណ្តាលឲ្យមនុស្សស្លាប់០៥នាក់ និងរបួសមួយចំនួនទៀត៕
៣៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ បានស្នើឲ្យតុលាការកំពូលអាមេរិកមើលរំលងបទដ្ឋានគតិយុត្តិនានា ហើយពិចារណាភ្លាមៗតែម្តងលើការដាក់បម្រាមកុំឲ្យជនកែភេទ និងមនុស្សកែភេទចូលបម្រើក្នុងវិស័យយោធា។
៤៖ មន្ត្រីជាន់ខ្ពស់សេតវិមានចំនួនពីររូប ដែលបានបង្ហាញជំហរជំទាស់ចំពោះបទបញ្ជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនទ័ពទៅទប់ស្កាត់ជនអន្តោប្រវេសន៍នៅព្រំដែន អាមេរិក-មិចស៊ីកូ នោះត្រូវបានគេមើលឃើញថា នឹងត្រូវលាលែង ឬក៏បណ្តេញចេញពីតំណេងក្នុងពេលឆាប់ៗខាងមុខនេះហើយ៕
៥៖ យានរុករកថ្មីចុងក្រោយបំផុតរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលមានឈ្មោះថា InSight នឹងមុជឆ្លងកាត់បរិយាកាសភពអង្គារ (Mars) ហើយចុះទៅជាន់ផ្ទៃភពក្រហមនេះនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដោយវាគឺជាពេលវេលាដ៏សំខាន់អស្ចារ្យមួយសម្រាប់ NASA ដែលមិនបានបញ្ជូនអ្វីទៅកាន់ Mars ទាល់តែសោះក្នុងអំឡុងពេល ០៦ឆ្នាំកន្លងទៅនេះ៕
៦៖ តម្លៃប្រេងសកលបានធ្លាក់ចុះយ៉ាងគំហុកនាថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងថា នឹងមានផ្គត់ផ្គង់ច្រើនហូរហៀរលើសពីតម្រូវការ ដោយសារការកើនឡើងនៃការផលិតប្រេងនៅអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក៕