(តូក្យូ)៖ អតីតនាយកផ្នែកជាន់ខ្ពស់របស់ Nissan Motor លោក Greg Kelly ដែលត្រូវបានចាប់ខ្លួនជាមួយលោក Carlos Ghosn ជាអតីតប្រធានក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលនេះរបស់ជប៉ុន ជុំវិញការចោទប្រកាន់ពីបទគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនមិនត្រឹមត្រូវបាននិយាយថា ការចាត់ចែងលុយកាក់របស់លោក Ghosn គឺជារឿងត្រឹមត្រូវ និងបានឆ្លងការពិភាក្សាជាមួយបណ្តាថ្នាក់ដឹកនាំដទៃទៀតរបស់ក្រុមហ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន NHK នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
គួរជម្រាបថា គណៈប្រឹក្សាភិបាលនៃក្រុមហ៊ុន Nissan បានសម្រេចបោះឆ្នោតជាឯកច្ឆ័ន្ទនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីដកហូតតំណែងលោក Ghosn និង លោក Kelly បន្ទាប់ពីអ្នកទាំងពីរត្រូវបានចាប់ខ្លួន ក្រោយពីការស៊ើបអង្កេតផ្ទៃក្នុងមួយរបស់ Nissan បានរកឃើញភស្តុតាងនៃកំហុសឆ្គងធ្ងន់ធ្ងរ រួមមានទាំងការបិទបាំងប្រាក់ចំណូល និងប្រើប្រាស់ទ្រព្យសម្បត្តិក្រុមហ៊ុន សម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក Carlos Ghosn បានបិទបាំងចំនួនទឹកប្រាក់ដែលលោកមានសរុបជាង ៥ពាន់លានយ៉េន (៤៤លានដុល្លារ) ក្នុងរយៈពេល ០៥ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០១១ មក។ ការដកហូតតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុន Nissan ខាងលើនេះ កំពុងនាំឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ ខណៈគ្រប់គ្នាកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេត និងការពាក់ព័ន្ធផ្សេងៗទៀតនៃផ្ទៃក្នុងក្រុមហ៊ុនយក្សជប៉ុនមួយនេះ៕