(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេច បញ្ឈប់ការកំណត់អត្តសញ្ញាណ សាកសពជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Lion Air នៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែមុននោះហើយ ក៏ប៉ុន្តែបានសន្យាថានឹងប្រគល់ប្រាក់ធានារ៉ាប់រង ជូនដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ អង្គភាពកំណត់អត្តសញ្ញាណជនរងគ្រោះ DVI នៃទីបញ្ជាការប៉ូលិសឥណ្ឌូណេស៊ី កំណត់អត្តសញ្ញាណសាកសពបានចំនួន ១២៥នាក់ ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកយន្តហោះសរុប ១៨៩នាក់ ដែលមានវត្តមាននៅលើយន្តហោះ Boeing 737 Max-8 ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វាខាងលិចកាលពីថ្ងៃទី២៩ ខែតុលា។ ជនរងគ្រោះដែលត្រូវបានកំណត់អត្តសញ្ញាណ រួមមានបុរស ៨៩នាក់ និងស្រ្តី ៣៦នាក់។
គួរជម្រាបថា យន្តហោះជើងហោះហើរ JT610 របស់ Lion Air មានដឹកមនុស្សពេញវ័យ ១៧៨នាក់ កុមារម្នាក់ ទារកពីរនាក់ និងបុគ្គលិកយន្តហោះ ០៨នាក់ នៅពេលដែលវាធ្លាក់ក្រោយហោះចាកចេញពី ព្រលានយន្តហោះអន្តរជាតិនៃរដ្ឋធានីហ្សាការតា បានតែបន្តិចប៉ុណ្ណោះ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Lion Air អ្នកដំណើរទាំងអស់ ដោយរួមបញ្ចូលទាំង ៦៤នាក់ ដែលពុំត្រូវបានកំណត់អត្តសញ្ញាណ នឹងទទួលបានប្រាក់ធានារ៉ាប់រងចំនួន ៨៩,៣០០ដុល្លារក្នុងម្នាក់ ខណៈកន្លងមកធ្លាប់មានសេចក្តីរាយការណ៍ថា Lion Air ចាប់ផ្តើមសងជំងឺចិត្តក្នុងម្នាក់ជាង ១០ម៉ឺនដុល្លារ។
ជុំវិញករណីធ្លាក់យន្តហោះនេះ ទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ី (KNKT) ធ្លាប់បានដាក់ការសង្ស័យថា វាបង្កឡើងដោយសារបញ្ហាកំហុសឆ្គងនៅក្នុងប្រព័ន្ធគ្រប់គ្រងការហោះហើរដោយស្វ័យប្រវត្តិមួយ ដែលមានមុខងារបង្ការកុំឲ្យយន្តហោះជួបស្ថានភាពជាប់គាំងដំណើរការក្នុងពេលហោះហើរ។ យ៉ាងណាមិញ KNKT នឹងប្រកាសលទ្ធផលនៃការវិភាគរបស់ខ្លួន លើប្រអប់ខ្មៅមួយរបស់យន្តហោះ នៅថ្ងៃទី២៨ ខែវិច្ឆិកា៕