(ប៉ាគីស្ថាន)៖ កងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន បានចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ហើយ ក្រោយពីកើតមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរស្ថានកុងស៊ុលចិនប្រចាំទីក្រុងកំពង់ផែការ៉ាជី (Karachi) នៃភាគខាងត្បូងប្រទេស ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រទេសប៉ាគីស្ថានបានចាត់ទុកការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនៗពីរលើកកាលពីថ្ងៃសុក្រម្សិលមិញនេះ គឺជាអំពើភេរវកម្មសុទ្ធសាធ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ២២នាក់ និងរបួសជាង ៣០នាក់ ខណៈកងទ័ពរំដោះបាឡូជីសហៅកាត់ថា BLA មានមូលដ្ឋាននៅក្នុងខេត្តបាឡូជីស្ថានបានអះអាងថា ជាទង្វើរបស់ពួកគេ។
គួរបញ្ជាក់ថា ការវាយប្រហារខាងលើនេះ ត្រូវបានរៀបចំឡើងដោយមេបញ្ជាការនិរទេសរបស់ក្រុម BLA ដែលកំពុងតែសម្រាកព្យាបាលជំងឺ នៅក្នុងរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា។ ជុំវិញការវាយប្រហារខាងលើនេះ អាជ្ញាធរប៉ាគីស្ថានកំពុងតែធ្វើការស៊ើបអង្កេតជាបន្ត ដើម្បីចាប់ខ្លួនរាល់ជនពាក់ព័ន្ធទាំងអស់ យកទៅកាត់ទោសតាមច្បាប់៕