(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ បានស្នើឲ្យតុលាការកំពូលអាមេរិកមើលរំលងបទដ្ឋានគតិយុត្តិនានា ហើយពិចារណាភ្លាមៗតែម្តងលើការដាក់បម្រាមកុំឲ្យជនកែភេទ និងមនុស្សកែភេទចូលបម្រើក្នុងវិស័យយោធា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាទូទៅតុលាការកំពូលអាមេរិក ត្រូវរង់ចាំការប្រកាសសាលក្រមលើបញ្ហាអ្វីមួយ ពីសំណាក់តុលាការថ្នាក់ក្រោមសិន ប៉ុន្តែចំពោះករណីខាងលើ រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានស្នើឲ្យមន្រ្តីយុត្តិធម៌ទាំង ០៩រូប នៃស្ថាប័នកំពូលនេះពុំចាំបាច់ឆ្លងកាត់ដំណើរការនេះឡើយ។
គួរជម្រាបថា តាំងពីតែឆ្នាំ២០១៧មកម្ល៉េះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងលែងអនុញ្ញាត ឬទទួលជនភេទទីបី ឬអ្នកកែភេទឲ្យចូលបម្រើក្នុងវិស័យយោធាទៀតឡើយក្រោមហេតុផលថា មានការចំណាយក្នុងច្រើនលើសលប់លើវិស័យវេជ្ជសាស្រ្ត ព្រមទាំងការរាំងស្ទះផ្សេងៗ៕