(អាមេរិក)៖ យានរុករកថ្មីចុងក្រោយបំផុតរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលមានឈ្មោះថា InSight នឹងមុជឆ្លងកាត់បរិយាកាសភពអង្គារ (Mars) ហើយចុះទៅជាន់ផ្ទៃភពក្រហមនេះនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដោយវាគឺជាពេលវេលាដ៏សំខាន់អស្ចារ្យមួយសម្រាប់ NASA ដែលមិនបានបញ្ជូនអ្វីទៅកាន់ Mars ទាល់តែសោះក្នុងអំឡុងពេល ០៦ឆ្នាំកន្លងទៅនេះ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Independent នារសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
យានថ្មីនេះនឹងជួយលើកស្ទួយការធ្លាក់ចុះ នៃវត្តមានរបស់ NASA នៅលើផ្ទៃភពអង្គារ ចាប់តាំងតែពីយាន Opportunity លែងមានការឆ្លើយតបចំពោះការបញ្ជូនសញ្ញា ពីក្រុមការងាររបស់វានាពេលថ្មីៗនេះ នៅចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងថា វាបានខូចបាត់ទៅហើយដោយសារតែព្យុះធូលី ដែលបានវាយប្រហារភពក្រហមនេះ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៨។
គោលដៅនៃបេសកកម្មរបស់ InSight គឺដូចទៅនឹងឈ្មោះគេដាក់ឲ្យយាននេះអ៊ីចឹង គឺនឹងផ្តល់ការយល់ដឹងស៊ីជម្រៅមិនធ្លាប់មាន អំពីផ្ទៃក្នុងនៃស្រទាប់លើកគេរបស់ Mars ព្រមទាំងអ្វីៗដែលនៅពីក្រោមនោះ។ តាមរយៈការប្រើឧបករណ៍ជាច្រើនប្រភេទ យាន InSight នឹងសិក្សាស្រាវជ្រាវលើស្រទាប់ខាងក្នុងនៃផ្ទៃភពអង្គារ ហើយបញ្ជូនទិន្នន័យទាំងនោះមកកាន់ផែនដីវិញ។
យាន InSight នឹងចុះចតលើផ្ទៃភពអង្គារនៅល្ងាចថ្ងៃចន្ទ (ពេលវេលានៅអាមេរិក) ហើយការចុះចតនេះក៏នឹងត្រូវធ្វើឡើង នៅចំពោះមុខការព្រួយបារម្ភមួយចំនួនផងដែរ ខណៈកន្លងទៅធ្លាប់មានបេសកកម្មជាច្រើន បានទទួលបរាជ័យនៅភពនេះ។ តួយ៉ាងយាន Schiaparelli តម្លៃ ២៦០លានដុល្លារ ដែលជាផ្នែកនៃបេសកកម្មរួមទំហំ ១.៧ពាន់លានដុល្លាររវាងអឺរ៉ុប និងរុស្ស៉ីឈ្មោះ ExoMars នោះ បានធ្លាក់ទៅបុកផ្ទៃភពអង្គារ ក្នុងពេលព្យាយាមចុះចតកាលពីឆ្នាំ២០១៦ ព្រមទាំងបេសកកម្មរបស់សូវៀតកាលពីទសវត្សរ៍ទី ៧០ ដែលបានទទួលបរាជ័យជាច្រើនលើកច្រើនសា។
គួរជម្រាបថា គេនឹងទទួលបានដំណឹងភ្លាមៗថា InSight អាចទទួលបានជោគជ័យដែរឬក៏អត់ ដោយសារផ្កាយរណបតូចៗចំនួនពីរជាប្រភេទ CubeSat មានឈ្មោះថា WALL-E និង EVE ដែលបានធ្វើដំណើរទៅកាន់ភពអង្គារជាមួយយាន InSight ដែរ ដោយពួកវានឹងហោះកាត់ Mars រួចបញ្ជូនដំណឹងអំពីស្ថានភាពរបស់ InSight មកកាន់ផែនដីដែលស្ថិតនៅចម្ងាយប្រមាណ ១៦១លានគីឡូម៉ែត្រពីគ្នា៕