(វ៉ាស៊ីនតោន)៖ យោងតាមការសិក្សាស្រាវជ្រាវមួយ ដែលទើបចុះផ្សាយនាថ្ងៃសុក្រសប្តាហ៍នេះ ក្រុមអ្នកវិទ្យាសាស្រ្តបានស្នើចេញនូវវិធីសាស្រ្តថ្មី ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ នោះគឺតាមរយៈការបាញ់សារធាតុគីមីម៉្យាង ទៅក្នុងបរិយាកាសផែនដី ដើម្បីរារាំងកាំរស្មី UV របស់ព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យអាមេរិក Harvard និង Yale បានស្នើចេញនូវការប្រើប្រាស់វិធីសាស្រ្ត «បាញ់សារធាតុគីមីទៅក្នុងបរិយាកាស» ហៅថា Stratospheric Aerosol Injection (SAI) ដែលពួកគេជឿជាក់ថា អាចកាត់បន្ថយអត្រានៃការកើនឡើងកម្តៅផែនដីបានពាក់កណ្តាល។
គួរជម្រាបថា វិធីសាស្រ្តនេះនឹងតម្រូវឲ្យមានការបាញ់ភាគល្អិត «ស៊ុលហ្វាត (Sulfate)» ក្នុងបរិមាណយ៉ាងច្រើន ទៅក្នុងស្រទាប់ Stratosphere របស់ផែនដី ស្ថិតនៅរយៈកម្ពស់១៩.៣គីឡូម៉ែត្រ ពីស្រទាប់លើនៃភពផែនដី។
សម្រាប់ការចំណាយប៉ាន់ស្មានសម្រាប់ការបាញ់សារធាតុទាំងនេះ បញ្ចូលទៅក្នុងបរិយាកាស គឺប្រហែល ២.២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាមិញ បច្ចុប្បន្នពុំមានយន្តហោះ ឬមធ្យោបាយណាផ្សេង ដើម្បីអាចបំពេញគោលដៅបេសកកម្មនេះបានឡើយ ហើយការសិក្សាខាងលើក៏បានទទួលស្គាល់ផងដែរថា វិធីសាស្រ្តនេះគឺជាលក្ខណៈសម្មតិកម្មសុទ្ធសាធ៕