(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់សេតវិមានចំនួនពីររូប ដែលបានបង្ហាញជំហរជំទាស់ចំពោះបទបញ្ជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនទ័ពទៅទប់ស្កាត់ជនអន្តោប្រវេសន៍នៅព្រំដែន អាមេរិក-មិចស៊ីកូ នោះត្រូវបានគេមើលឃើញថា នឹងត្រូវលាលែង ឬក៏បណ្តេញចេញពីតំណេងក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
បទបញ្ជាថ្មីរបស់លោក ត្រាំ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីឲ្យមានការបញ្ជូនទ័ពទៅកាន់ព្រំដែននោះ បានបង្កទៅជាការជជែកដេញដោលយ៉ាងខ្លាំងក្លា រវាងមន្ត្រីជាន់ខ្ពស់ក្នុងសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន ហើយក្នុងនោះប្រធានបុគ្គលិកសេតវិមាន លោក ចន ឃែលលី (John Kelly) និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោកស្រី ឃើសចេន ណេលសិន (Kirstjen Nielsen) បានប្រឆាំងជំទាស់ទៅនឹងបទបញ្ជាប្រធានាធិបតី ព្រមទាំងបញ្ជាក់តបទៅវិញទៀតថា «វាលើសពីអំណាចធម្មនុញ្ញដែលចែងសម្រាប់ឲ្យលោក ត្រាំ អាចប្រើប្រាស់បាននោះហើយ»។
ការបញ្ចេញមតិយោបល់ នៃមន្ត្រីជាន់ខ្ពស់ទាំងពីររូបខាងលើនេះ គឺដើម្បីតតាំងជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់ផ្នែកនយោបាយ របស់ប្រធានក្រុមប្រឹក្សាអនុវត្តន៍ច្បាប់ និងការធ្វើអន្តោប្រវេសន៍ជាតិលោក ស្ទេហ្វិន មាល្លឺ (Stephen Miller) និងលោក ប្រេនដុន ជូដដ៍ (Brandon Judd) ប្រធានក្រុមល្បាតព្រំដែនអាមេរិក ដែលការពារអំណាចរបស់លោក ដូណាល់ ត្រាំ ក្នុងការសម្រេចចិត្តដូចខាងលើនេះ។
គួរបញ្ជាក់ថា ទោះបីជាមានការប្រឆាំង និងតស៊ូមតិយ៉ាងក្តី ក៏នៅទីបំផុតលោកស្រី Nielsen និង លោក Kelly នៅតែព្រមចុះហត្ថលេខាកាលពីថ្ងៃពុធ ទៅលើបទបញ្ជារបស់គណៈរដ្ឋមន្ត្រី ដែលអនុញ្ញាតឲ្យទាហានអាមេរិក ចូលរួមក្នុងសកម្មភាពអនុវត្តន៍ច្បាប់ និងប្រើប្រាស់កម្លាំងបាយដោះស្រាយបញ្ហានៅក្នុងករណីចាំបាច់។ ក្រុមអ្នកអង្កេតបានសម្លឹងឃើញថា មន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ អាចនឹងលាលែងចេញពីតំណែងដោយខ្លួនឯង ឬក៏ត្រូវលោក ដូណាល់ ត្រាំ បណ្តេញដូចមន្ត្រីដែលហ៊ានប្រឆាំងលោកមុនៗផងដែរ៕