(ញូយ៉ក)៖ តម្លៃប្រេងសកលបានធ្លាក់ចុះយ៉ាងគំហុកនាថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងថា នឹងមានផ្គត់ផ្គង់ច្រើនហូរហៀរលើសពីតម្រូវការ ដោយសារការកើនឡើងនៃការផលិតប្រេងនៅអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថាទិន្នផលប្រេងរបស់ខ្លួនសម្រាប់ខែវិច្ឆិកានេះនឹងលើសពី ១០.៦លានបារ៉ែលក្នុងមួយថ្ងៃ ដូចដែលផលិតបានកាលពីខែតុលាកន្លងទៅ។ ជាមួយគ្នានេះ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់អាមេរិក បរិមាណប្រេងឆៅនៅក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិក ក៏បានកើនឡើងផងដែរកាលពីសប្តាហ៍មុន ដែលវាគឺជាការកើនឡើង ០៩សប្តាហ៍ជាប់ៗគ្នា។
គួរជម្រាបថា ប្រេងឆៅ West Texas Intermediate ឬ WTI បានធ្លាក់ថ្លៃ ៤.២១ដុល្លារ មកនៅត្រឹម ៥០.៤២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ Brent បានធ្លាក់ថ្លៃ ៣.៨ដុល្លារ មកនៅត្រឹម ៥៨.៨ដុល្លារ។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានចេញមុខអំពាវនាវឲ្យប្រទេសផលិតប្រេងកំពូលៗលើពិភពលោក រួមគ្នាទប់ស្កាត់ការធ្លាក់ចុះជាបន្តបន្ទាប់នៃថ្លៃប្រេង៕