(វ៉ាស៊ីនតោន)៖ យោធាអាមេរិកកំពុងតែធ្វើការអភិវឌ្ឍ ប្រភេទមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងចាប់ពី ០៥ដងឡើងទៅ និងអាចបាញ់ចេញពីក្រោមផ្ទៃទឹកបាន ហើយទន្ទឹមគ្នានេះអាវុធនុយក្លេអ៊ែរបែបយុទ្ធសាស្រ្ត ក៏នឹងត្រូវអភិវឌ្ឍន៍ឡើងផងដែរ ដោយទាំងអស់នេះ គឺដើម្បីទប់ទល់ជាមួយការអភិវឌ្ឍមីស៊ីលទំនើបៗរបស់រុស្ស៊ី ដែលកំពុងមានភាពជឿនលឿនខ្លាំង។ នេះបើតាមសម្តីមេបញ្ជាការទ័ពជើងទឹកអាមេរិក លោក ចននី វូល (Johnny Wolfe) ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
មីស៊ីលខាងលើកំពុងស្ថិតក្រោមការអភិវឌ្ឍ របស់អង្គភាពអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធប្រើប្រាស់ជាយុទ្ធសាស្រ្ត Strategic Systems Program ឬ SSP របស់កងទ័ពជើងទឹកអាមេរិក ដែលជាធម្មតាមានតួនាទីផលិតអាវុធនុយក្លេអ៊ែរ។ បើតាម លោក Wolfe សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនមានសមត្ថភាពវាយប្រហារ ទៅលើគោលដៅនានានៅជុំវិញពិភពលោក ក្នុងចន្លោះពេលត្រឹមតែ ០១ម៉ោងប៉ុណ្ណោះ។ ដើម្បីសម្រេចគោលបំណងនេះបាន គេត្រូវការអាវុធល្បឿនលឿនជាងសំឡេងចាប់ពី ០៥ដងឡើងទៅហៅថា Hypersonic ដែលអាចបាញ់ចេញពីគ្រប់ទីកន្លែងបាន។
គួរជម្រាបថា លោក Wolfe បានប្រកាសទៀតថា អង្គភាព SSP ក៏ទទួលបានបញ្ជាឲ្យធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត ដើម្បីតាមឲ្យទាន់ការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបៗរបស់ប្រទេសរុស្ស៉ីផងដែរ៕