(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា ប្រទេសអឺរ៉ុបមួយនេះនឹងប្រគល់ទ្រព្យសម្បត្តិមហាសាល ដែលជាវត្ថុបុរាណសរុបចំនួន ២៦មុខ ឲ្យទៅប្រទេសបេនីន (Benin) នៃតំបន់អាហ្វ្រិកខាងលិចវិញ បន្ទាប់ពីវាត្រូវបានយកចេញពីប្រជាជាតិនិយាយភាសាបារាំងមួយនេះ កាលពីអំឡុងសម័យអាណានិគម។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកប្រធានាធិបតីបារាំងបានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា ការសម្រេចចិត្តប្រគល់វត្ថុបុរាណទៅកាន់ម្ចាស់ដើម គឺប្រទេសបេនីននៅពេលនេះ គឺមិនត្រូវឲ្យមានការសម្លឹងមើលឃើញថា គ្រាន់តែរឿងប្រយោលៗ ឬជានិមិត្តរូបនោះឡើយ ព្រោះក្រោយការសិក្សារបស់លោកកន្លងមកបានរកឃើញថា វត្ថុបុរាណរបស់ប្រទេសអាហ្វ្រិកខាងលិចមួយ កំពុងតែត្រូវបានរក្សាទុកដោយសារមន្ទីរជាតិ នៃប្រទេសបារាំង ហើយបារាំងគួរតែប្រគល់វត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ ទៅកាន់ម្ចាស់ដើមវិញ។
គួរបញ្ជាក់ថា វត្ថុបុរាណដែលលោកប្រធានាធិបតីបារាំង ម៉ាក្រុង បានសម្រេចប្រគល់ឲ្យប្រទេសបេនីនវិញនោះ គឺជារូបចម្លាក់ និងវត្ថុលំអរក្នុងអតីតព្រះរាជវាំង អាបូមៃ (Abomey) ដែលជាអតីតរដ្ឋធានីនៃរាជាណាចក្រ ដាហូមៃ (Dahomey) ត្រូវបានប្រទេសបារាំងដាក់អាណានិគមកាលពីឆ្នាំ១៨៩២។ បច្ចុប្បន្នវត្ថុបុរាណទាំងអស់នេះ កំពុងស្ថិតនៅក្នុងសារមន្ទីរប៉ារីសកៃប្រេនលី (Paris Quai Branly)៕