(ញូដេលី)៖ ទោះបីជាទណ្ឌកម្មសហរដ្ឋអាមេរិក ទៅលើវិស័យចាំចេញប្រេងអ៊ីរ៉ង់ត្រូវបានប្រកាសចេញមួយរយៈទៅហើយក្តី ក៏បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងអាស៊ីហាក់មិនបានបង្ហាញសញ្ញាថា នឹងអនុវត្តន៍តាមការចង់បានរបស់អាមេរិក ដោយឈប់នាំចូលប្រេងទាំងស្រុងពីប្រទេសអ៊ីរ៉ង់នោះឡើយ តួយ៉ាងដូចជាប្រទេសឥណ្ឌា ដែលកំពុងនាំចូលប្រេងឆៅពីអ៊ីរ៉ង់ដដែល និងមានការកើនឡើងជាងមុនថែមទៀត។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមទិន្នន័យពីក្រសួងរបស់ឥណ្ឌា ការនាំចូលប្រេងឆៅរបស់ប្រទេសមហាយក្សលេខ ២ ប្រចាំទ្វីបអាស៊ីមួយនេះ បានកើនឡើងរហូតដល់ ៣៩ភាគរយ ក្នុងចំនួនទឹកប្រាក់ ១៥.០៥លានតោនចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០១៨ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានទំហំតែ ១០.៨៤លានតោនប៉ុណ្ណោះ។
ទោះបីជាបែបនេះក្តី ក៏ឥណ្ឌានៅតែត្រូវអនុវត្តន៍តាមខ្លះៗប៉ុណ្ណោះ ទៅតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែត្រូវរង់ចាំរហូតដល់ចប់កិច្ចព្រមព្រៀងទិញជាប្រចាំឆ្នាំ សម្រាប់ឆ្នាំសារពើពន្ធពីខែមីនា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០១៩ ជាមុនសិន។ ដូច្នេះឥណ្ឌានៅតែបន្តនាំចូលប្រេងពីអ៊ីរ៉ង់ប្រមាណ ១៨០,០០០បារ៉ែលក្នុងមួយថ្ងៃ រហូតដល់ពេលបញ្ចប់កិច្ចសន្យានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា បើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ឥណ្ឌាមិនអាចធ្វើតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយបិទការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ទាំងស្រុងនោះឡើយ ព្រោះតែតម្រូវការចាំបាច់នៅក្នុងស្រុក មិនអាចឲ្យឥណ្ឌាទៅរកទីផ្សារណាផ្សេង មកផ្គត់ផ្គង់បាននោះឡើយ។ អ៊ីរ៉ង់គឺពិតជាសំខាន់ណាស់សម្រាប់តម្រូវការថាមពលឥណ្ឌា ហើយវានឹងនៅតែបែបនេះតទៅថ្ងៃអនាគត៕