(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលីបានសម្រេចប្រកាសអាសន្ន នៅក្នុងតំបន់ Hunter នៃរដ្ឋ New South Wales ហើយ បន្ទាប់ពីភ្លើងឆេះព្រៃបានរីករាលដាលក្នុងតំបន់នោះកាន់តែខ្លាំង និងបានលេបត្របាក់លំនៅឋានប្រជាជន ជាច្រើនខ្នងមកហើយដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមពន្លត់អគ្គីភ័យកំពុងតែសស្រាក់សស្រាំបំផុត ដើម្បីពន្លត់ភ្លើងព្រៃដែលកំពុងតែរីករាលដាលនៅតំបន់ធំៗចំនួន ០៣ នៅភាគខាងជើងនៃទីក្រុងស៊ីនដី ហើយផ្ទៃដីព្រៃឈើប្រមាណ ១,៣៨០ហិកតាហើយ ត្រូវបានអគ្គីភ័យឆាបឆេះ។ ការប្រកាសអាសន្នត្រូវបានធ្វើឡើង ក៏ព្រោះតែតំបន់រងគ្រោះខាងលើនេះមានសភាពរាំងស្ងួត ហើយនៅពេលអគ្គីភ័យកើតឡើងខ្យល់ក៏បោកបក់រឹតតែខ្លាំងថែមទៀត ដែលធ្វើឲ្យអគ្គីភ័យរីករាលដាលកាន់តែលឿន។
គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គីភ័យមានគ្នាជាង ២០០នាក់ កំពុងតែបំបេញប្រតិបត្តិការពន្លត់ រួមជាមួយនឹងការប្រើប្រាស់យន្តហោះពន្លត់អគ្គីភ័យ ដែលមានសមត្ថភាពផ្ទុកទឹកច្រើន។ ដោយឡែកប្រជាជននៅចំពោះមុខអគ្គីភ័យ ត្រូវបានអំពាវនាវឲ្យជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕