(ម៉ាឌ្រីត)៖ ប្រទេសអេស្ប៉ាញនឹងអនុវត្តន៍តាមការសន្យារបស់ខ្លួន ដោយបោះឆ្នោតជំទាស់កិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងអង់គ្លេស-សហភាពអឺរ៉ុប ទៅលើដំណើរការដកចក្រភពអង់គ្លេសចេញពីតំបន់ នៅក្នុងកិច្ចប្រជុំសមាជិកអឺរ៉ុបទាំង ២៧ ឬ EU27 លុះត្រាណាតែផលប្រយោជន៍របស់ទីក្រុងម៉ាឌ្រីត ត្រូវបានការពារនៅក្នុងឯកសារទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីកិច្ចពិភាក្សារវាងខ្ញុំនឹងលោកស្រី Theresa May ជំហររបស់ប្រទេសយើងទាំងពីរ នៅតែស្ថិតនៅឆ្ងាយពីគ្នាដដែល។ រដ្ឋាភិបាលរបស់ខ្ញុំនឹងនៅតែបន្តការពារផលប្រយោជន៍ នៃប្រទេសអេស្ប៉ាញ។ ប្រសិនបើគ្មានការផ្លាស់ប្តូរទេនោះ យើងនឹងបោះឆ្នោតជំទាស់ Brexit...»។
គួរបញ្ជាក់ថា ទីក្រុងម៉ាឌ្រីតបានគំរាមធ្វើការជំទាស់នេះ លុះត្រាណាតែសេចក្តីព្រាងនៃកិច្ចព្រមព្រៀងខាងលើ មានដាក់បញ្ចូលនូវការតម្រូវឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់ រវាងចក្រភពអង់គ្លេស និងអេស្ប៉ាញជុំវិញបញ្ហាជម្លោះនៅឧទ្វីប Gibraltar។ Gibraltar ជាដែនដីជម្លោះមួយដែលប្រទេសទាំងពីរអះអាងកម្មសិទ្ធិដូចគ្នា ដែលបច្ចុប្បន្នគឺត្រូវបានគ្រប់គ្រងដោយចក្រភពអង់គ្លេសនៅឯនាយសមុទ្រឯណោះទេ។
កាលពីឆ្នាំ២០១៦ នៅពេលដែលដំណើរការបោះឆ្នោត Brexit ធ្វើឡើង ប្រជាជននៅ Gibraltar ភាគច្រើនបំផុតបានបោះឆ្នោតឲ្យខ្លួនស្ថិតនៅអឺរ៉ុបដដែល ប៉ុន្តែដោយសារតែចក្រភពអង់គ្លេសភាគច្រើនចង់ចាកចេញពីអឺរ៉ុបនោះ ទើបប្លុកមួយនេះត្រូវបង្ខំឲ្យចាកចេញពីសហភាពអឺរ៉ុបដែរ ហើយប្រទេសអេស្ប៉ាញ តែងតែលើកឡើងនូវបញ្ហានេះជានិច្ច ខណៈដែលខ្លួនក៏កំពុងអះអាងកម្មសិទ្ធិលើដែនដី Gibraltar នេះ៕