(អាមេរិក)៖ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅឯទីស្នាក់ការកណ្តាលអង្គការ NASA នៃសហរដ្ឋអាមេរិក ក្រុមការងារគ្រប់គ្រងបេសកកម្មយាន InSight បានកំណត់ថា យានមានផ្ទុកឧបករណ៍វិទ្យាសាស្ត្រពហុវិស័យនេះ នឹងធ្វើការផ្សងគ្រោះថ្នាក់ចុះចតលើផ្ទៃភពព្រះអង្គារ នៅថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា (ពេលវេលាលើផែនដី)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអវកាស Space នាយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងសន្និសីទនាថ្ងៃទី២១ ខែវិច្ឆិកា នេះ (ពេលវេលានៅអាមេរិក) អង្គការ NASA បានរៀបរាប់ថា យាន InSight បច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងរយៈចម្ងាយ ៤៧៥លានគីឡូម៉ែត្រ នៃបេសកកម្មរបស់ខ្លួនទៅកាន់ភពអង្គារ ដែលមានរយៈចម្ងាយសរុប ៤៨៤លានគីឡូម៉ែត្រ ដូច្នេះវាមានន័យថា នៅសល់តែ ០៩លានគីឡូម៉ែត្រទៀតប៉ុណ្ណោះ វានឹងទៅដល់ភពអង្គារ ហើយរៀបចំធ្វើការចុះចត ទៅតាមទីតាំងដែលត្រូវបានកំណត់នោះហើយ។
សម្រាប់ពេលវេលាជាក់លាក់ ដែលត្រូវធ្វើការបញ្ជាយាន InSight ឲ្យចុះចតលើផ្ទៃភពអង្គារនោះ គឺនៅម៉ោង ៣៖០០នាទីរសៀលថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា (ពេលវេលានៅវ៉ាស៊ីនតោន) ត្រូវនឹងទៀបភ្លឺថ្ងៃអង្គារ (ពេលវេលានៅអាស៊ីអាគ្នេយ៍)។ ជុំវិញបេសកកម្មខាងលើនេះ លោក Tom Hoffman ដែលជាអ្នកចាត់ចែងគំរោងរបស់ NASA បាននិយាយទាំងក្តីរំភើបផង និងភ័យផងថា «បេះដូងខ្ញុំកំពុងតែលោតនៅក្នុងទ្រូង ហើយលាន់ដូចជាស្គរអ៊ីចឹង...។ គ្រប់គ្នានឹងស្ថិតនៅក្នុងមន្ទីរពិសោធន៍ JPL របស់ NASA រហូតដល់ថ្ងៃនោះមកដល់...»។
គួរបញ្ជាក់ថា យានរុករកផ្ទៃក្នុងភពអង្គារ InSight ត្រូវបានត្រួតពិនិត្យបច្ចេកទេស ៤ដងមកហើយនៅអំឡុងពេលវាកំពុងធ្វើដំណើរទៅភពអង្គារ ហើយអង្គការ NASA បានអះអាងថា InSight មានសភាពល្អប្រសើរ ដើម្បីធ្វើការចុះចតយ៉ាងរលូន។ ទោះបីដំណើរបុកទំលុះចូលបរិយាកាសភពអង្គារត្រូវធ្វើឡើងរយៈពេលតែ ៧នាទី ក៏វាមិនប្រាកដថាអ្វីៗអាចនឹងរលូនទាំងអស់នោះដែរ។ InSight នឹងត្រូវបន្ថយល្បឿនពី ១៩,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅកាន់ល្បឿន ៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាជិតប៉ះផ្ទៃដីភពអង្គារ៕