(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមផលិតយន្តហោះនាំមុខគេនៅសហរដ្ឋអាមេរិក និងពិភពលោក Boeing ទើបតែបានសម្រេចលក់យន្តហោះប្រភេទ Boeing 737 MAX 8 ចំនួន ១២គ្រឿង ទៅដល់អាកាសចរណ៍ Caribbean Airlines របស់ប្រទេសដីកោះ Trinidad and Tobago ស្ថិតនៅក្នុងដែនសមុទ្រការីបៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមហ៊ុន Boeing បានបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ អាកាសចរណ៍ Caribbean Airlines នឹងទទួលបានយន្តហោះដែលខ្លួនកុម្ម៉ង់ទិញទាំង ១២គ្រឿង ដើម្បីយកទៅជំនួសយន្តហោះប្រភេទចាស់ Boeing 737-800 ដែលដល់ពេលត្រូវចូលនិវត្តន៍។ យន្តហោះប្រភេទ 737 MAX 8 គឺជាប្រភេទយន្តហោះថ្មីចុងក្រោយរបស់ Boeing ដែលអាចដឹកអ្នកដំណើរបានរហូតដល់ទៅ ១៦០នាក់។
គួរបញ្ជាក់ថា យន្តហោះប្រភេទ Boeing 737 MAX ត្រូវបានកុម្ម៉ង់ទិញដោយអតិថិជនរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ទាំងនៅក្នុងស្រុក និងអន្តរជាតិចំនួនជាង ១០០ក្រុមហ៊ុន រហូតដល់ទៅជាង ៤,៨០០គ្រឿង ហើយយន្តហោះប្រភេទនេះក្នុងមួយគ្រឿងមានតម្លៃចាប់ពី ១២០ ទៅ ១៣០លានដុល្លារអាមេរិក។
ទោះបីជាមានការផ្សព្វផ្សាយព័ត៌មានអំពីប្រព័ន្ធសុវត្ថិភាព និងការធ្លាក់យន្តហោះ Lion Air របស់ឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះក៏ដោយ ក៏មើលទៅអតិថិជនរបស់ Boeing មិនបានរារែកក្នុងការបន្តធ្វើប្រតិបត្តិការ និងជាវយន្តហោះប្រភេទ Boeing 737 MAX 8 នេះទៅបម្រើវិស័យអាកាសចរណ៍របស់ពួកគេនោះឡើយ៕