(ម៉ូស្គូ)៖ លោក Igor Korobov ប្រមុខនៃស្ថាប័នចារកម្មសំខាន់បំផុតរបស់រុស្ស៊ី GRU បានទទួលមរណភាពហើយនៅអាយុ ៦៣ឆ្នាំ ក្រោយពីលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមសេចក្តីប្រកាសពីក្រសួងការពារជាតិរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសខាងលើនេះ លោក Korobov ក៏ត្រូវបានផ្តល់នាមជា «វីរៈបុរសនៃសហព័ន្ធរុស្ស៊ី» ដែលជាមុខតំណែងកិត្តិយសខ្ពស់បំផុតប្រចាំប្រទេសផងដែរ ដោយសារតែលោកបានបម្រើការងារ និងដឹកនាំស្ថាប័នចារកម្មជាតិមួយនេះ បានយ៉ាងល្អប្រសើរអស់ពេលជាច្រើនឆ្នាំ។
គួរបញ្ជាក់ថា លោក Korobov បានបម្រើការងារឲ្យទីភ្នាក់ងារចារកម្មយោធារុស្ស៊ី តាំងតែពីឆ្នាំ១៩៨៥ មកម្ល៉េះ ហើយលោកបានកាន់តួនាទីជាច្រើនផ្នែក ទៅតាមបណ្តាឆ្នាំដែលលោកធ្វើការ រហូតដល់លោកអាចឡើងជាប្រធានស្ថាប័ន GRU នេះតែម្តងនៅឆ្នាំ២០១៦។ ក្រៅពីនេះលោកក៏មានមុខតំណែងជាអគ្គមេបញ្ជាការមួយរូប នៃកងទ័ពជើងគោករុស្ស៊ីផងដែរ៕