(ហាណូយ)៖ រថយន្តដឹកប្រេងមួយគ្រឿងបានបង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងខេត្ត Binh Phuoc ភាគខាងត្បូងប្រទេសវៀតណាម ដោយបានផ្តាច់ជីវិតមនុស្ស ០៦នាក់ ក្នុងនោះមានទាំងគ្រួសារមួយដែលមានសមាជិក ០៤នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
គ្រោះថ្នាក់ខាងលើនេះបានកើតមានឡើង បន្ទាប់ពីរថយន្តខាងលើនេះបានបុករ៉ឺម៉កដឹកថ្មមួយគ្រឿង រួចក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងថែមទៀតនៅតាមដងផ្លូវ ហើយក៏ក្រឡាប់តែម្តង នៅក្នុងស្រុក Chon Thanh នៃខេត្តខាងលើកាលពីវេលាម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។
អាជ្ញាធរវៀតណាមបានបន្តទៀតថា ក្រោយពីរថយន្តដឹកសាំងនោះក្រឡាប់ វាបានបណ្តាលឲ្យអគ្គីភ័យឆាបឆេះឡើង ហើយផ្ទះនៅតាមដងផ្លូវចំនួន ១៦ខ្នង ត្រូវបានឆាបឆេះ ខណៈដែលប្រជាជនកំពុងគេងលង់លក់។ គួរបញ្ជាក់ថា គ្រួសារមួយដែលមានសមាជិក ០៤នាក់ បានស្លាប់ក្នុងអណ្តាតភ្លើងទាំងអស់គ្នាតែម្តង ហើយសរុបមនុស្សស្លាប់ទាំងអស់ក្នុងហេតុការណ៍នោះមានចំនួន ០៦នាក់៕