(ញូដេលី)៖ ពិតជាសំណាងមួយដ៏ធំធេងបំផុតសម្រាប់ទារកម្នាក់ និងក្រុមគ្រួសារដែលធ្វេសប្រហែស ព្រោះក្រោយពីបានធ្លាក់ចូលគន្លងផ្លូវដែកចំពេលរថភ្លើងរត់មកដល់ភ្លាមៗនោះ ក្មេងតូចមួយនេះនៅតែអាចរក្សាជីវិតបាន ចំពោះមុខមនុស្សម្នារាប់សិបនាក់ដែលបានត្រឹមឈរមើលហេតុការណ៍ដ៏រន្ធត់នេះ និងមិនអាចចូលទៅជួយសង្គ្រោះបាន ដោយត្រូវរង់ចាំរហូតទាល់តែរថភ្លើងចេញទៅផុត។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមពិតហេតុការណ៍ខាងលើនេះ បានកើតមានឡើងតាំងតែពីថ្ងៃអង្គារសប្តាហ៍នេះមកម្ល៉េះ ប៉ុន្តែវីដេអូនៃហេតុការណ៍ ដែលមនុស្សខ្សោយបេះដូងពុំគួរទស្សនានោះ ទើបតែបានផ្ទុះខ្លាំងមកទល់នឹងថ្ងៃព្រហស្បតិ៍នេះប៉ុណ្ណោះ ហើយសាធារណមតិនៅឥណ្ឌាបានធ្វើការរិះគន់អាណាព្យាបាលក្មេង ដែលបានធ្វេសប្រហែសខ្លាំងពេក ទើបបណ្តោយឲ្យទារកដ៏តូចមានវ័យទើប ១ឆ្នាំ របូតពីដៃហើយធ្លាក់ចូលក្នុងគន្លងផ្លូវដែកបែបនេះ។
រឿងរ៉ាវដ៏រន្ធត់នេះបានកើតមានឡើងនៅចំណតរថភ្លើង Mathura ក្នុងរដ្ឋ Uttar Pradesh ដោយបន្ទាប់រថភ្លើងបរទៅផុត បុរសពីរនាក់បានចុះទៅបីត្រកងទារកឡើងពីផ្លូវរថភ្លើង ដើម្បីប្រគល់ជូនម្តាយរបស់គេវិញ ខណៈដែលម្តាយរូបនោះបានស្រែកទ្រហោយំស្ទើរតែគាំងបេះដូងទៅហើយ។
នេះជាមេរៀនដ៏ធំមួយ មិនមែនសម្រាប់តែប្រជាជនឥណ្ឌានោះឡើយ តែសម្រាប់ឪពុកម្តាយទូទាំងពិភពលោក ដែលត្រូវបង្កើតការប្រយ័ត្នប្រយែងចំពោះសុវត្ថិភាពកូនតូចៗ ជាពិសេសគឺនៅពេលស្ថិតនៅទីកន្លែងមានមនុស្សម្នាកកកុញបែបនេះ។ ចង់ដឹងថា តើហេតុការណ៍ខាងលើនេះមានភាពរន្ធត់ និងតក់ស្លុតដល់កម្រិតណា សូមទស្សនាវីដេអូខាងក្រោម (បញ្ជាក់៖ អ្នកមានជំងឺខ្សោយបេះដូង ពុំគួរទស្សនាឡើយ)៖