(អាមេរិក)៖ នៅក្នុងកិច្ចសម្ភាសន៍មួយតាមរយៈវិទ្យុ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានលើកឡើងថា សេតវិមានគាំទ្រសភាចំពោះការរៀបចំដាក់ទណ្ឌកម្មលើទីក្រុងរីយ៉ាដ ក្រោយពីបានរកឃើញថាសម្ព័ន្ធមិត្តខ្លួនមួយនេះ ពិតជាមានជាប់ពាក់ព័ន្ធរឿងក្តីឃាតកម្មដ៏សាហាវព្រៃផ្សៃទៅលើអ្នកកាសែត Washington Post លោក Jamal Khashoggi។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Pompeo បានថ្លែងតាមរលកសំឡេងនៃវិទ្យុអាមេរិក KMOX យ៉ាងដូច្នេះថា «រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហាញការស្វាគមន៍ចំពោះសេចក្តីព្រាងច្បាប់ នៃសភាជុំវិញទណ្ឌកម្មដែលត្រូវដាក់លើទីក្រុងរីយ៉ាដ ប៉ុន្តែខ្ញុំគិតថាអ្វីដែលបានសម្រេចកន្លងមកនោះ គឺវាគ្រប់គ្រាន់ហើយ...»។ ការបញ្ជាក់ថា អ្វីដែលបានសម្រេចកន្លងមកគឺគ្រប់គ្រាន់នោះ គឺលោក Pompeo ចង់សំដៅទៅលើចំណាត់ការរបស់សេតវិមាន ដែលបានឆ្លើយតបកន្លងមករួចទៅហើយទៅកាន់អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធទៅនឹងការសម្លាប់អ្នកកាសែត Khashoggi។
គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងថាតើសមាជិកសភាអាមេរិកទាំងអស់ បានសម្រេចដាក់ទណ្ឌកម្មអ្វីខ្លះទៅលើទីក្រុងរីយ៉ាដ នៅក្នុងសេចក្តីព្រាងច្បាប់របស់ពួកគេនោះឡើយ ប៉ុន្តែក្នុងនាមជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការស្វាគមន៍ និងអះអាងថា ដើម្បីសន្តិសុខជាតិអាមេរិក រដ្ឋបាលរបស់លោករីករាយនឹងគាំទ្រការសម្រេចពីសមាជិកសភាទាំងអស់។
សម្រាប់ទណ្ឌកម្មដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចេញកាលពីពេលថ្មីៗនេះ គឺការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១៧រូប ដែលពួកគេមួយចំនួនគឺជាមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលអារ៉ាប៊ូសាអូឌីត។ បន្ថែមពីនេះរដ្ឋបាលលោក ត្រាំ ក៏បានមើលឃើញការផ្លាស់ប្តូរដោយភាពវិជ្ជមានពីសំណាក់អារ៉ាប៊ីសាអូឌីតផងដែរ ជុំវិញករណីធ្វើឃាតអ្នកកាសែតនោះ៕