(បារាំង)៖ ទីបំផុតលោក គីម ចុងយ៉ាង (Kim Jong Yang) មេប៉ូលិសស្តីទីរបស់ស្ថាប័នប៉ូលិសអន្តរជាតិ Interpol ត្រូវបានតែងតាំងឲ្យឡើងធ្វើមេបញ្ជាការប៉ូលិសអន្តរជាតិនេះ ជាផ្លូវការតែម្តងហើយ ដោយមានអាណត្តិបំពេញការងារពីរឆ្នាំ គឺដល់ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាយប់ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក គីម ចុងយ៉ាង បច្ចុប្បន្នមានអាយុ ៥៧ឆ្នាំ គឺជាជនជាតិកូរ៉េខាងត្បូងមានស្រុកកំណើតនៅខេត្ត ឆាងវ៉ុន (Changwon) ដែលមានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូល និងសាកលវិទ្យាកូរ៉េ ហើយក្រោយមកទៀតលោកបានបម្រើការងារជាមន្ត្រីប៉ូលិសកូរ៉េខាងត្បូង និងបន្ទាប់ទៅទៀតលោកបានឈានមកកាន់តំណែងជា ប្រធានការិយាល័យកណ្តាល នៃប៉ូលិសអន្តរជាតិ Interpol តែម្តង។
គួរបញ្ជាក់ថា ការតែងតាំងលោកជាមេបញ្ជាការ Interpol ថ្មីជាផ្លូវការពេលនេះ គឺធ្វើឡើងបន្ទាប់ពីអតីតមេប៉ូលិសអន្តរជាតិជាជនជាតិចិន លោក Meng Hongwei ដែលត្រូវជាអតីតអនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណរបស់ប្រទេសចិនផងដែរ ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនកាលពីចុងខែកញ្ញា នៅពេលដែលលោកឈានជើងចូលទឹកដីចិនភ្លាមៗ ហើយរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា តើលោកមានជោគវាសនាយ៉ាងណាឡើយ។
លោក Meng ត្រូវបានតែងតាំងជាប្រធានស្ថាប័នប៉ូលិសអន្តរជាតិ Interpol កាលពីឆ្នាំ២០១៦ ហើយបន្ទាប់ពីការឡើងកាន់តំណែងនេះ ក៏មានមតិមួយចំនួនរិះគន់ផងដែរថា ទីក្រុងប៉េកាំងនឹងអាចប្រើប្រាស់ស្ថាប័ននេះតាមរយៈមន្ត្រីជាជនជាតិខ្លួន ដើម្បីការពារសកម្មភាពនានារបស់ចិននៅទូទាំងពិភពលោក៕