(ហ្សាការតា)៖ ត្រីបាឡែនដ៏ធំមួយក្បាលបានងាប់នៅលើឆ្នេរសមុទ្រ នៅក្នុងខេត្តមួយនៃភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ដោយក្រុមជំនាញបានរកឃើញបំណែកផ្លាស្ទិកសរុបជាង ១,០០០បំណែក ដែលមានទំងន់ ០៦គីឡូក្រាម នៅក្នុងពោះរបស់វា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជុំវិញបញ្ហាខាងលើនេះ លោក Heri Santoso នាយកគ្រប់គ្រងឧទ្យានជាតិ Wakatobi នៅខេត្តស៊ូឡាវ៉េស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ត្រីបាឡែនខាងលើនេះ មានប្រវែងរហូតដល់ទៅជិត ១០ម៉ែត្រ ហើយក្រោយពីការវះពោះរបស់វារួច ក្រុមអ្នកជំនាញបានប្រទះឃើញគំរបដប ១១៥គំរប, ដបទឹកសុទ្ធចំនួន ៤, ស្បែកជើងកៅស៊ូចំនួន ២, កាបូប ឬថង់ផ្លាស្ទីកចំនួន ២៥ និងបំណែកផ្លាស្ទីកតូច-ធំសរុបចូលគ្នាជាង ១,០០០បំណែក។
គួរបញ្ជាក់ថា ករណីត្រីបាឡែនងាប់ខាងលើនេះ គឺមិនមែនកើតមានតែនៅប្រទេសឥណ្ឌូណេស៊ីនោះឡើយ ដោយនៅតំបន់អឺរ៉ុប និងអូស្ត្រាលី ក៏ធ្លាប់កើតមាននូវករណីនេះដែរ។ ការស្លាប់ត្រីបាឡែន និងសត្វសមុទ្រជាច្រើនប្រភេទទៀត ដោយសារតែកាកសំណល់ផ្លាស្ទិកនេះ ត្រូវបានក្រុមអ្នកអភិរក្សសត្វសមុទ្ររិះគន់ ទៅដល់ការគ្រប់គ្រងកាកសំណល់មិនបានល្អ ពីសំណាក់ប្រទេសមានព្រំដែនជាប់សមុទ្រ និងសកម្មភាពមនុស្សដោយប្រយោល៕