(សហរដ្ឋអាមេរិក)៖ ខណៈដែលជនចំណាកស្រុកជាច្រើនក្រុម បានមកធ្វើដំណើរមកដល់នៅទីក្រុងបន្ទាត់ព្រំដែន Tijuana ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅតែបែរខ្នងធ្វើព្រងើយ ចំពោះជនអន្តោប្រវេសន៍ទាំងនោះ មិនតែប៉ុណ្ណោះលោកថែមទាំងបានដាក់ពង្រាយកងទ័ព ដើម្បីការពារព្រំដែនភាគខាងត្បូងពី «ការលុកលុយ» ថែមទៀតផង។
ជនអន្តោប្រវេសន៍ដែលធ្វើដំណើរមកពីតំបន់អាមេរិកកណ្តាល បានក្លាយទៅជាវិបត្តិនយោបាយដ៏ធំមួយ ដែលវាយប្រហាររដ្ឋាភិបាលសហរដ្ឋអាមេរិកខ្លួនឯង។ ការកសាងជញ្ជាំងមិនមែនជាដំណោះស្រាយពិតប្រាកដ ដើម្បីដោះស្រាយវិបត្តិជនអន្តោប្រវេសន៍នោះឡើយ ផ្ទុយទៅវិញយើងត្រូវសួរសំណួរថា ហេតុអ្វីបានជនចំណាកស្រុកគេចចេញពីប្រទេសកំណើតរបស់ពួកគេ? លោក Oscar Chacon ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alianza Americas ផ្តល់ឱ្យយើងនូវចម្លើយសាមញ្ញមួយគឺ «ក្តីអស់សង្ឃឹម»។
ជនអន្តោប្រវេសន៍កំពុងប្រឈមនឹងការគំរាមកំហែង ដោយសេចក្តីស្លាប់ជារៀងរាល់ថ្ងៃ នៅតំបន់នៅអាមេរិកកណ្តាល ដោយសារតែភាពក្រីក្រ។ អ្នកដែលត្រូវទទួលខុសត្រូវខ្ពស់បំផុត ចំពោះវិបត្តិនេះគឺសហរដ្ឋអាមេរិក ដែលត្រូវបានអន្តរជាតិស្តីបន្ទោសជាខ្លាំង។ យោងតាមការយល់ឃើញរបស់លោក Alan McPherson បានឱ្យដឹងថា សហរដ្ឋអាមេរិកបានដើរតួនាទីក្នុងការបង្កអស្ថិរភាព និងជាអ្នកដុតបញ្ឆេះសង្គ្រាមឡើង ជំរុញឱ្យប្រជាជនជាច្រើនបានផ្លាស់ទីលំនៅទៅសហរដ្ឋអាមេរិក បង្កើតក្រុមទំនើង និងអំពើហិង្សា ដោយសារតែជនចំណាកស្រុកទាំងនោះ មិនអាចស្វែងរកការងារធ្វើបានភ្លាមៗ។
ការធ្វើចំណាកស្រុកជាក្រុមបែបនេះ បានឆ្លុះបញ្ចាំងស្ថានភាពដ៏លំបាក កំពុងកើតមានក្នុងតំបន់អាមេរិកកណ្តាល ហេតុនេះវិធីតែមួយគត់ ដើម្បីកាត់បន្ថយលំហូរអន្តោប្រវេសន៍ គឺជួយកែប្រែស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងទឹកដី នៃប្រទេសកំណើតរបស់ពួកគេផ្ទាល់។ លោក Mark Feierstein បានវិភាគថា ការបដិសេធការចំពោះការសុំសិទ្ធិជ្រកកោន និងការបំបែកគ្រួសារ នឹងមិនបញ្ឈប់លំហូរនៃជនចំណាកស្រុកបានឡើយ ហើយការកាត់ផ្ដាច់ជំនួយដល់ពួកគេ ក៏មិនគួរកើតឡើងដូចគ្នា ព្រោះវាអាចបង្កផលប៉ះពាល់ផ្ទុយពីការរំពឹងទុក។
លោកបានរកឃើញថា មានការកើនឡើងអំពើឧក្រិដ្ឋកម្មជាលំដាប់នៅក្នុងប្រទេសហុងឌូរ៉ាស់ ទើបប្រកាន់គោលគំនិតថា ការផ្ដល់ជំនួយហិរញ្ញវត្ថុច្រើនសន្ធឹកសន្ធាប់ និងជាប់ជាដរាបនឹងធ្វើឲ្យរដ្ឋាភិបាលនៅតំបន់អាមេរិកកណ្តាល មានភាពប្រសើរឡើងក្នុងរយៈពេលវែង។ លោក Raphael Bernal យល់ថា អ្វីដែលជាបញ្ហាគឺបច្ចុប្បន្នជំនួយពីសហរដ្ឋអាមេរិកផ្ដល់ទៅមិនចំគោលដៅ កង្វះតម្លាភាព និងមានអំពើពុករលួយ ទើបបង្កបញ្ហាប្រឈម មិនអាចប្រើប្រាស់ជំនួយបរទេសប្រកបដោយប្រសិទ្ធភាព។
ចំណុងត្រង់នេះអាចជួយពន្យល់ពីហេតុផលថា ហេតុអ្វីបានជាការផ្តល់ជំនួយហិរញ្ញវត្ថុរហូតដល់ ៣ដងផ្ទួនៗគ្នា នៅក្រោមអាណត្តិចុងក្រោយរបស់រដ្ឋបាលលោក អូបាម៉ា ប៉ុន្តែបែរជាមិនបានបង្កសញ្ញានៃភាពប្រសើរឡើងណាមួយ នៅក្នុងប្រទេសទាំងនេះទាល់តែសោះ។
លោក Mark និងលោក Oscar មានព្រួយបារម្ភដូចគ្នាថា ការប្រើប្រាស់ជំនួយបរទេសមិនបានត្រឹមត្រូវក្នុងការកែលម្អស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពួកគេបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរទៅវិញ។
លោក Mark ពន្យល់ថា ការថយចុះនៃការវិនិយោគ គឺដោយសារតែការខ្វះទំនុកចិត្ត។ ដោយឡែកលោក Oscar បានចង្អុលបង្ហាញបន្ថែមទៀតពាក់ព័ន្ធបញ្ហានេះថា ការវិនិយោគដោយផ្ទាល់ពីបរទេស (IDE) កំពុងមានភាពយឺតយ៉ាវជាខ្លាំង។ FDI ពិតជាបានបង្កើតឱកាសការងារក្នុងតំបន់នេះ។ តែទោះជាយ៉ាងនេះក្តី ការងារទាំងនេះមិនអាចផ្តល់នូវស្តង់ដារស់នៅល្អពេញលេញ ដែលអនុញ្ញាតឱ្យប្រជាជនបំពេញសេចក្តីត្រូវការផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ពួកគេបានឡើយ។
មូលហេតុចម្បងមួយទៀត គឺគម្លាតដ៏ខ្លាំងក្លារវាងប្រាក់ឈ្នួលនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអាមេរិកកណ្តាល ទើបវាក៏ក្លាយជាផ្នែកមួយនៃការលើកទឹកចិត្ត ឱ្យប្រជាជនធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក។ គោលនយោបាយអន្តោប្រវេសន៍របស់លោក Trump មិនបានដោះស្រាយបញ្ហាពិតប្រាកដឡើយ ផ្ទុយទៅវិញថែមទាំងបានបង្កឱ្យវិបត្តិអន្តោប្រវេសន៍ កាន់តែធ្ងន់ធ្ងរថែមទៀត ព្រមទាំងបង្កឱ្យមានការរើសអើងជាតិសាសន៍ថែមទៀតផង។
លោក Mark បានវាយតម្លៃគោលនយោបាយនេះថា ជាការអនុវត្តជាក់ស្តែង តែក៏គ្មានមេត្តាដូចគ្នា។ លោក Trump បន្តអនុវត្តន៍កម្មវិធីនេះ ក្នុងគោលដៅកាត់បន្ថយឧក្រិដ្ឋកម្ម ប៉ុន្តែមិនបានដោះស្រាយបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងតំបន់ឡើយ។
ទាក់ទងនឹងប្រធានបទស្តីពីអន្តោប្រវេសន៍ និងផលប៉ះពាល់ទៅលើនយោបាយ ក្នុងសហរដ្ឋអាមេរិកលោក Rafael មានទស្សនៈទុទិដ្ឋិនិយមច្រើនជាងសុទិដ្ឋិនិយម។ ថ្វីត្បិតវាត្រូវបានអនុវត្តក្តី ប៉ុន្តែបែរជាបង្កវិបត្តិកាន់តែធ្ងន់ធ្ងរឡើង៕
ប្រភព៖ វែបសាយព័ត៌មាន CGTN, ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨