(អាមេរិក)៖ សេតវិមានអាមេរិកក្នុងសប្តាហ៍នេះ នៅតែបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហររឹតបន្តឹងលំហូរចូលនៃជនស្វែងរកសិទ្ធិជ្រកកោណ មកពីតំបន់អាមេរិកកណ្តាល និងអាមេរិកឡាទីន ដោយបទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ ដែលបានកាលពីដើមខែនេះតម្រូវឲ្យជនភៀសខ្លួនទាំងអស់ ចូលមកសហរដ្ឋអាមេរិកដោយស្របច្បាប់។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជុំវិញបញ្ហាខាងលើនេះ អ្នកនាំពាក្យសេតវិមានអាមេរិក Sarah Sanders បានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា «យើងចេញសកម្មភាពទាំងឡាយដែលអាចទៅរួច ដើម្បីការពារជំហរតាមផ្លូវច្បាប់របស់យើង ឆ្លើយតបទៅនឹងវិបត្តិនៅព្រំដែនភាគខាងត្បូងអាមេរិក...»។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការអាមេរិកបានចេញនូវសេចក្តីសម្រេចមួយ ដោយហាមឃាត់ជាបណ្តោះអាសន្ន នូវបទបញ្ជាថ្មីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងជនភៀសខ្លួនសុំសិទ្ធិជ្រកកោណនៅអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានចេញនូវបទបញ្ជាមួយដោយសម្រេចថា អាមេរិកនឹងមិនផ្តល់សិទ្ធិជ្រកកោណស្របច្បាប់ ទៅដល់ជនភៀសខ្លួនទាំងឡាយណាដែលមិនបានចូលមកក្នុងទឹកដីអាមេរិក តាមច្រកព្រំដែនត្រឹមត្រូវ ឬដោយស្របច្បាប់ ហើយមានតែអ្នកចូលមកតាមផ្លូវត្រឹមត្រូវប៉ុណ្ណោះ ទើបមានសិទ្ធិជ្រកកោណដោយស្របច្បាប់ ប៉ុន្តែតុលាការអាមេរិកបានសម្រេចឲ្យផ្អាកបទបញ្ជានេះទៅវិញ។
ច្បាប់ថ្មីខាងលើនេះ ត្រូវបានប្រកាសចេញជាផ្លូវការនៅថ្ងៃទី១០ ខែវិច្ឆិកា ដែលវានឹងស្ថិតនៅក្នុងការអនុវត្តន៍រហូតដល់រយៈពេល ៣ខែ ឬក៏រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចចេញ ដែលអនុញ្ញាតឲ្យអាមេរិកបណ្តេញជនភៀសខ្លួនខុសច្បាប់ទាំងឡាយ ចេញតាមច្រកព្រំដែនជាមួយមិចស៊ីកូវិញ។ ទោះបីជាតុលាការបានចេញសេចក្តីសម្រេចច្រានចោលបទបញ្ជាខាងលើនេះក្តី តែសេចក្តីសម្រេចនេះនឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១៩ ខែធ្នូ តទៅប៉ុណ្ណោះ៕