(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តច្រានចោលបទបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលមានគោលដៅបដិសេធផ្ដល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ឆ្លងចូលព្រំដែនភាគខាងត្បូងនៃ សហរដ្ឋអាមេរិកដោយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ចៅក្រមសហព័ន្ធអាមេរិកក្នុងទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ លោក Jon Tigar គឺជាអ្នកចេញសេចក្ដីសម្រេចរាំងខ្ទប់បទបញ្ជារបស់ លោក ដូណាល់ ត្រាំ បន្ទាប់ពីបានស្ដាប់ការអះអាងពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស។ លោក ដូណាល់ ត្រាំ បានចេញបញ្ជាមួយកាលពីដើមខែវិច្ឆិកានេះ សំដៅទប់ស្កាត់លំហូរជនភៀសខ្លួនមកពីបណ្ដាប្រទេសអាមេរិកកណ្ដាល ដែលកំពុងព្យាយាមសម្រុកចូលមកកាន់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការសម្រេចចិត្តពីលោកចៅក្រម Jon Tigar នឹងត្រូវចូលជាធរមានភ្លាមៗ ហើយនឹងនៅតែត្រូវបន្តអនុវត្តតាម រហូតដល់តុលាការចេញសេចក្ដីសម្រេចថ្មីមួយទៀតជុំវិញករណីនេះ នៅខែធ្នូខាងមុខ៕