(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងម៉ូស្គូមិនចង់ប្រឡូកចូលក្នុងការរត់ប្រណាំងសពា្វវុធជាថ្មី ទៀតនោះទេ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏បានព្រមានដែរថារុស្ស៊ី នឹងមិនឱ្យសហរដ្ឋអាមេរិកដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដោយទទេៗឡើយ៕
២៖ ពេលវេលាដែលហៅថា «រាត្រីនៅតំបន់ប៉ូល ឬ Polar Night» បានចាប់ផ្តើមហើយនាដើមសប្តាហ៍នេះ នៅឯទីក្រុង Utqiagvik ក្នុងរដ្ឋអាឡាស់ស្កា នៃសហរដ្ឋអាមេរិក ដែលនឹងមានរយៈពេលរហូតដល់ ៦៥ថ្ងៃ៕
៣៖ វត្តមានប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 នឹងមិនបង្កផលប៉ះពាល់ណាមួយដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីឡើយ៕
៤៖ មនុស្សជិត ៤,០០០នាក់ នាថ្ងៃចន្ទដើមសប្តាហ៍នេះត្រូវបានជម្លៀសខ្លួនចេញពីតំបន់នានានៅជុំវិញភ្នំភ្លើង ហ្វឺហ្គោ (Fuego) នៃប្រទេសហ្គាតេម៉ាឡា ខណៈដែលវាបានចាប់ផ្តើមផ្ទុះឡើង យ៉ាងកក្រើកជាថ្មីម្តងទៀតក្នុងឆ្នាំនេះ៕
៥៖ ការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ ម៉ុនម៉ៅស៍ (Monmouth) បានឱ្យដឹងថា ជនជាតិអាមេរិកកាំង០៧នាក់ ក្នុងចំណោម១០នាក់ បានយល់ឃើញថា ជនអន្តោប្រវេសន៍ទាំងអស់ គួរតែទទួលបានឱកាសដើម្បីចូលមកក្នុង សហរដ្ឋអាមេរិក ហើយពួកគេមិនមែនជាការគំរាមកំហែងអ្វីនោះឡើយ៕
៦៖ ចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ បានជម្រុញឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់ ចំពោះការរារាំងមិនឱ្យនាវាអ៊ុយក្រែន និងអន្តរជាតិ ចូលទៅកាន់តំបន់ដែនសមុទ្រ អាហ្សូវ (Azov)៕