(អាមេរិក)៖ ពេលវេលាដែលហៅថា «រាត្រីនៅតំបន់ប៉ូល ឬ Polar Night» បានចាប់ផ្តើមហើយនាដើមសប្តាហ៍នេះ នៅឯទីក្រុង Utqiagvik ក្នុងរដ្ឋអាឡាស់ស្កា នៃសហរដ្ឋអាមេរិក ដែលនឹងមានរយៈពេលរហូតដល់ ៦៥ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Daily Mail (Mail Online) នៅល្ងាចថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទីក្រុង Utqiagvik ដែលពីមុនមកមានឈ្មោះថា Barrow កាលពីថ្ងៃអាទិត្យកន្លងទៅ (ពេលវេលាក្នុងតំបន់) ទទួលបានពន្លឺព្រះអាទិត្យត្រឹមតែ ៦៤នាទីប៉ុណ្ណោះ ដោយព្រះអាទិត្យបានរះនៅម៉ោង ១២៖៤០នាទី ហើយលិចទៅវិញនៅម៉ោង ០១៖៤៤នាទីរសៀល ខណៈចាប់ពីពេលនេះតទៅទីក្រុង Utgiagvik នឹងមិនអាចមើលឃើញព្រះអាទិត្យទៀតឡើយរហូតទាល់តែដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
គួរជម្រាបថា ទីក្រុងខាងលើមានមនុស្សរស់នៅប្រមាណ ៤,០០០នាក់ និងមានទីតាំងនៅចម្ងាយ ៥១៥គីឡូម៉ែត្រ ពីខាងលើរង្វង់តំបន់អាក់ទិច (Arctic Circle)។ នាអំឡុង Polar Night សីតុណ្ហភាពនៅក្រុង Utqiagvik នឹងធ្លាក់ចុះខ្លាំងរហូតដល់ចន្លោះពី -២០ ទៅ -២៨អង្សាសេ។
ដោយឡែកទោះបីជាទទួលរងបាតុភូត Polar Night ក៏ដោយ ទីក្រុង Utqiagvik នឹងមិនងងឹតសូន្យទាំងស្រុងឡើយដោយវានឹងមានការជះពន្លឺតិចតូចល្មម អាចមើលឃើញវត្ថុនៅទីធ្លាខាងក្រៅបានសម្រាប់រយៈពេលពី ៣ ទៅ ៦ម៉ោង ក្នុងមួយថ្ងៃ។ ការលេចចេញនូវបាតុភូតបែបនេះ ដោយសារដំណើរមកដល់នៃចលនាល្អៀងអ័ក្សរង្វិលផែនដី ដែលគោចរជុំវិញព្រះអាទិត្យ៕