(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ បានជម្រុញឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់ ចំពោះការរារាំងមិនឱ្យនាវាអ៊ុយក្រែន និងអន្តរជាតិ ចូលទៅកាន់តំបន់ដែនសមុទ្រ អាហ្សូវ (Azov)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យការបរទេសនៃចក្រភពអង់គ្លេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មកទល់នឹងពេលនេះ រុស្ស៊ីនៅតែបន្តរំខាន និងរារាំងដល់នាវានានា មិនឱ្យចូលទៅកាន់កំពង់ផែអ៊ុយក្រែនស្ថិតនៅក្នុងសមុទ្រ Azov ដែលនេះគឺជាទង្វើបង្កអស្ថេរភាព ដល់សេដ្ឋកិច្ចនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត រុស្ស៊ីក៏បានប្រើប្រាស់ការរឹតត្បិតសេរីភាពនាវាចរបែបនេះ ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ផងដែរ... ដូច្នេះយើងជម្រុញឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពនេះជាបន្ទាន់»។
គួរជម្រាបថា រុស្ស៊ី និងអ៊ុយក្រែន កំពុងមានភាពតានតឹងនឹងគ្នានៅឯតំបន់ដែនសមុទ្រ Azov ដែលជាព្រំដែនដែនទឹកមួយរវាងប្រទេសទាំងពីរ។ ភាពតានតឹងនេះបានផ្ទុះឡើងខ្លាំង កាលពីខែតុលាកន្លងទៅ ក្រោយសភាអ៊ុយក្រែនអនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលអនុញ្ញាតឱ្យទីក្រុងកៀវពង្រីកការគ្រប់គ្រងដែនទឹក នៅឯតំបន់ឈូងសមុទ្រភាគខាងត្បូង៕