(វ៉ាស៉ីនតោន)៖ វត្តមានប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 នឹងមិនបង្កផលប៉ះពាល់ណាមួយដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក អេរិច ផាហន (Eric Pahon) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
រុស្ស៊ីបានសម្រេចចិត្តតំឡើងប្រព័ន្ធមីស៊ីល S-300 នៅលើទឹកដីស៉ីរី កាលពីខែទី០២ ខែតុលា បន្ទាប់ពីយន្ដហោះយោធារបស់ខ្លួនត្រូវបានបាញ់ទម្លាក់។ តែយ៉ាងណាក៏ដោយ ថ្លែងប្រាប់ Sputnik នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Pahon បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វត្តមានប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 នឹងមិនបង្កផលប៉ះពាល់ណាមួយដល់ប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី ហើយការតំឡើងបន្ថែមនៅស៊ីរី គឺមានតែបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងយន្ដហោះស៊ីវិលនៅក្នុងតំបន់តែប៉ុណ្ណោះ»។
បន្ថែមពីលើនេះ ឆ្លើយតបទៅនឹងការទិញប្រព័ន្ធ S-400 មានតម្លៃជាង ២.៥ពាន់លានដុល្លារពីរុស្ស៊ីរបស់តួកគី លោក Pahon ក៏បានអះអាងដែរថា មន្ទីរបញ្ចកោណនឹងធ្វើការងាររួមគ្នាជាមួយសភាអាមេរិក ដើម្បីស្វែងរកជម្រើសថ្មីមួយឱ្យទីក្រុងអង់ការ៉ា ប្ដូរចិត្តកុំទិញប្រព័ន្ធមីស៊ីលនេះ បើទោះជាទីមន្ត្រីជាន់ខ្ពស់ធ្លាប់បញ្ជាក់ជាច្រើនដងថា មិនបោះបង់ចោលគំរោងទិញ S-400 ពីរុស្ស៊ីក៏ដោយ។
គួរជម្រាបថា ក្រុមមន្ត្រីអាមេរិកក៏ធ្លាប់បានព្រមានផងដែរថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងលុបចោលការប្រគល់យន្ដហោះចម្បាំង បំបាំងកាយ F-35 ឱ្យតួកគី នៅក្នុងករណីដែលទីក្រុងអង់ការ៉ាទិញ S-400 ពីទីក្រុងម៉ូស្គូ៕