(ដាម៉ាស់)៖ យោធានៃប្រទេសស៊ីរីបានប្រកាសថា ខ្លួនបានកម្ទេចគ្រឿងផ្ទុះដែលរកឃើញនៅក្នុងតំបន់ ដែលទើបរំដោះបានពីដៃក្រុមសកម្មប្រយុទ្ធបន្ថែមទៀត នៅក្បែរដ្ឋធានីដាម៉ាស់ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោធាស៊ីរីបានឲ្យដឹងថា គ្រាប់មីនបង្កប់តាមដងផ្លូវជាច្រើនគ្រាប់ ដែលមានគោលដៅមកលើកងទ័ពស៊ីរី ត្រូវបានរកឃើញនៅក្បែរទីក្រុងដាម៉ាស់ បន្ទាប់ពីតំបន់នោះត្រូវកម្លាំងយោធារំដោះបានពីកណ្តាប់ដៃក្រុមឧទ្ទាម។ គ្រឿងផ្ទុះទាំងនោះ ត្រូវបានយកទៅកម្ទេចចោល ហើយមួយចំនួនត្រូវបានប្រើដើម្បីរំលំអគារ ដែលមានការខូចខាតខ្លាំងដោយសង្រ្គាម ហើយមិនអាចស្ថាបនាឡើងវិញបាន។
គួរជម្រាបថា ជម្លោះប្រដាប់អាវុធនៅស៊ីរីហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ ខណៈដែលរដ្ឋាភិបាលទីក្រុងដាម៉ាស់ បានដណ្តើមគ្រប់គ្រងតំបន់មួយចំនួនធំ ដែលកន្លងមកស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមឧទ្ទាម និងក្រុមភេរវករ។ ទន្ទឹមនឹងនេះ ស៊ីរីក៏បានចាប់ផ្តើមដំណើរការស្ថាបនាប្រទេស ក៏ដូចជាទទួលជនភៀសខ្លួនមកវិញជាបណ្តើរៗផងដែរ៕