(វ៉ាស៊ីនតោន)៖ លោក ឌីជូម៉ារ ហ្សេម៉េលណុល ដែលជាអ្នកកាសែតនៅទីក្រុងវ៉ាស៊ីនតោន និងជាជនរងគ្រោះនៃការជិះជាន់របស់ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានធ្វើការបកស្រាយថា ហេតុអ្វីបានជាអ្នកគាំទ្រចលនា «ហ្គូលែន» ព្រមទាំងកូនៗរបស់ពួកគេ សុខចិត្តប្រឈមមុខនឹងការស្លាប់ដើម្បីគេចចេញពីរបបដឹកនាំរបស់លោក អឺដូហ្គាន់។
នៅពីក្រោយការប្រថុយជីវិតដើម្បីគេចចេញពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយនេះ របស់ប្រជាជនតួកគីនិងកូនៗពួកគេគឺមានមូលហេតុមួយ។ ប៉ុន្តែមិនមែនអ្នកទាំងនោះ កំពុងព្យាយាមស្វែងរកជីវិតដែលល្អជាងនេះឡើយ គឺពួកគេកំពុងភៀសខ្លួនចេញពីការធ្វើទារុណកម្មនិងការជាប់ពន្ធនាគារអស់មួយជីវិត ។
អ្នកទាំងអស់់នេះពុំមែនជាឧក្រិដ្ឋជនទេ។ ពួកគេគឺជា គ្រូបង្រៀន វេជ្ជបណ្ឌិត អ្នកឯកទេសព័ត៌មានវិទ្យា អ្នកកាសែត សាស្រ្តាចារ្យ ស្ត្រីភេទ មនុស្សចាស់ជរា និងទារកជាដើម។ ពួកគេទាំងអស់ត្រូវបានហាមឃាត់មិនឲ្យបម្រើការក្នុងស្ថាប័នរដ្ឋាភិបាលឬក៏សេវាសាធារណៈផ្សេងៗឡើយ។ សាកលវិទ្យាល័យ កន្លែងសារព័ត៌មាន និងហាងនំបុ័ងរបស់ពួកគេក៏សុទ្ធតែត្រូវបានបិទទ្វារ។
ឈ្មោះរបស់អ្នកគាំទ្រចលនា «ហ្គូលែន» ជិត២០០,០០០នាក់ ត្រូវបានចុះផ្សាយជាសាធារណៈថាជាភេរវករ។ សូម្បីតែទារកបីនាក់ដែលបានបាត់បង់ជីវិត ក៏ត្រូវបដិសេធមិនឲ្យប្រើរថយន្តដឹកសពដែរ ព្រោះពួកគេជា «ភេរវករ»។ ដូច្នេះគ្មានកន្លែងណាទទួលពួកគេចូលធ្វើការងារនោះទេ ។
រដ្ឋមន្ដ្រីយុត្តិធម៌តួកគីបាននិយាយថា ទោះបីជាអ្នកទាំងនោះត្រូវបណ្តេញចេញពីការងារក៏ដោយ មិនមែនមានន័យថាពួកគគឺជាឧក្រិដ្ឋជននោះទេ។ ជនរងគ្រោះនៃការយុទ្ធនាការបង្រ្កាបក្រោយរដ្ឋប្រហារបរាជ័យនៅតួកគី បានធ្វើការតវ៉ាតាមច្បាប់រហូតដល់តុលាការកំពូល ប៉ុន្តែត្រូវបានគេបដិសេធចោលទាំងអស់។
បន្ទាប់មកពួកគេសម្រេចចិត្តងាកទៅរកតុលាការអឺរ៉ុបនៅទីក្រុង Strasbourg តែខាងតុលាការបានប្រាប់ថា «ចូរត្រលប់ទៅផ្ទះវិញទៅ អ្នកអាចស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅក្នុងប្រទេសរបស់អ្នកឯងបាន» ដែលនេះជាការបដិសេធម្តងទៀតពីតុលាការ។
ការងារគ្មានធ្វើនៅក្នុងប្រទេសតួកគី ហើយជាប់ឈ្មោះក្នុងបញ្ជីខ្មៅទៀត ប្រសិនបើអ្នកមានសំណាងអ្នកនឹង មិនត្រូវជាប់ពន្ធនាគារ។ រដ្ឋាភិបាលក៏បានហាមឃាត់ជនរងគ្រោះទាំងនេះ មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស និងដកហូតលិខិតឆ្លងដែនរបស់ពួកគេផងដែរ។
តើពួកគេមានជម្រើសអ្វីក្រៅពីនេះ? ជិះទូករត់ភៀសខ្លួនពីតួកគីទៅក្រិច ហើយបាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។ ប្រសិនបើពួកគេមានសំណាងនឹងត្រូវបានគេចុះផ្សាយនៅលើសារព័ត៌មាន តែនេះជាអ្វីដែលពួកគេនឹងត្រូវគេចងចាំ៖ គឺជាភេរវករ០៦នាក់ ក្នុងនោះមានទារកបីនាក់ បានលង់ទឹកស្លាប់នៅក្នុងសមុទ្រ Aegean ព្រំដែនប្រទេសក្រិច៕
ប្រភព៖ Hizmet Movement