(ហ្គាតេម៉ាឡាស៊ីធី)៖ មនុស្សជិត ៤,០០០នាក់ នាថ្ងៃចន្ទដើមសប្តាហ៍នេះត្រូវបានជម្លៀសខ្លួនចេញពីតំបន់នានានៅជុំវិញភ្នំភ្លើង ហ្វឺហ្គោ (Fuego) នៃប្រទេសហ្គាតេម៉ាឡា ខណៈដែលវាបានចាប់ផ្តើមផ្ទុះឡើង យ៉ាងកក្រើកជាថ្មីម្តងទៀតក្នុងឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយហ្គាតេម៉ាឡាបានឲ្យដឹងថា ភ្នំភ្លើងខាងលើបានជះកម្អែរផេះ កម្អែរភ្លើង និងឧស្ម័នពុលឡើងទៅលើផ្ទៃអាកាសកម្ពស់ ៥០០ម៉ែត្រ ពីលើមាត់ភ្នំភ្លើង។ ទន្ទឹមនឹងនេះពុំមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះ នៅក្នុងហេតុការណ៍នេះឡើយ។
គួរជម្រាបថា នេះគឺជាលើកទី ៥ ហើយដែលភ្នំភ្លើងកម្ពស់ ៣,៧៦៣ម៉ែត្រនេះ បានផ្ទុះក្នុងឆ្នាំ២០១៨ នេះ។ កាលពីខែមិថុនាកន្លងទៅ Fuego ដែលជាភ្នំភ្លើងសកម្មបំផុតមួយនៅតំបន់អាមេរិកកណ្តាល មានទីតាំងនៅចម្ងាយ ៣០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះឡើង និងសម្លាប់ជីវិតមនុស្សដល់ទៅជាង ១៩០នាក់៕