(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ ម៉ុនម៉ៅស៍ (Monmouth) បានឱ្យដឹងថា ជនជាតិអាមេរិកកាំង០៧នាក់ ក្នុងចំណោម១០នាក់ បានយល់ឃើញថា ជនអន្តោប្រវេសន៍ទាំងអស់ គួរតែទទួលបានឱកាសដើម្បីចូលមកក្នុង សហរដ្ឋអាមេរិក ហើយពួកគេមិនមែនជាការគំរាមកំហែងអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ម៉ុនម៉ៅស៍ បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកត្រូវបានសម្ភាសន៍ទៀតសោត មានប្រមាណ ២៩ភាគរយ ក៏យល់ឃើញផ្សេងដែរថា ជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល គឺជាការគំរាមកំហែងមួយដ៏ធំ សម្រាប់សហរដ្ឋអាមេរិក ខណៈ២៤ភាគរយនិយាយថា ពួកគេមានការគំរាមកំហែងតិចតួច និង ៣៩ភាគរយថា មិនមានការគំរាមកំហែងអ្វីនោះទេដល់សហរដ្ឋអាមេរិក។
បន្ថែមពីលើនេះ ភាគច្រើននៃប្រជាជនអាមេរិកគាំទ្របក្សសាធារណរដ្ឋ ឬស្មើនឹង ៥៤ភាគរយយល់ថា ជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល គឺជាការគំរាមដ៏ធំ រីឯអ្នកគាំទ្របក្សប្រជាធិបតេយ្យ ១១ភាគរយ និងអ្នកឯករាជ្យ ២៨ភាគរយ តែប៉ុណ្ណោះយល់ឃើញដូចគ្នានេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នជនអន្តោប្រវេសន៍មកពី បណ្ដាប្រទេសអាមេរិកកណ្ដាលរាប់ម៉ឺននាក់ បានធ្វើដំណើរសម្រុកចូលមកកាន់តំបន់ព្រំដែនម៉ិចស៉ីកូ ដើម្បីព្យាយាមចូលមកក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយោធាជិត
៥,៨០០នាក់ ធ្វើអន្តរាគមន៍ទប់ស្កាត់លំហូជនភៀសខ្លួនទាំងនេះ៕