(វ៉ាស៊ីនតោន)៖ ទីបំផុតសេតវិមាន​អាមេរិកនាថ្ងៃចន្ទ​សប្តាហ៍នេះ បានសម្រេច​អនុញ្ញាតឲ្យ​អ្នកសារព័ត៌មាន​​របស់ស្ថានីយ៍​​ទូរទស្សន៍ CNN លោក ជីម អាកូស្តា (Jim Acosta) ចូលយកព័ត៌មាន​ដូចដើមវិញ​ហើយ ប៉ុន្តែ​ក៏មានការដាក់​ចេញនូវបទវិន័យ​មួយចំនួន​សម្រាប់អ្នក​កាសែតដែលចូលរួម​ក្នុងសន្និសីទសារព័ត៌មាន ​នៅឯសេតវិមាន​ផងដែរ។ នេះ​បើ​តាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​សេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានឲ្យ​ដឹងថា ប័ណ្ណចូលយក​ព័ត៌មាននៅឯសេតវិមាន​​របស់លោក Acosta ដែលត្រូវបាន​ដកហូត​ បន្ទាប់មាន​ការកើតមានរឿងចម្រូងចម្រាស​ អំឡុង​សន្និ​សីទ​​សារ​ព័ត៌​មាន​​​​​កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ជាមួយប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នោះត្រូវបាន​ប្រគល់​ឲ្យ​អ្នកកាសែត​រូបនេះវិញ​ហើយ ប៉ុន្តែ​ចាប់​ពីពេល​នេះតទៅ​អ្នកកាសែតទាំងឡាយ​ណា ដែលមិនគោរព​តាមបទវិន័យ​ នៃ​ការចូលរួម​សន្និសីទ​សារព័ត៌មាន​ក៏​​​អាចត្រូវ​ដកហូតប័ណ្ណចូលយកព័ត៌មាន​ដូចគ្នា​ផងដែរ។

នៅក្រោម​បទ​វិន័យរបស់សេតវិមាន នៅពេលអនុញ្ញាត​ឲ្យសួរសំណួរ គឺអាចសួរបានតែមួយ​សំណួរប៉ុណ្ណោះ រួចទុក​ឲ្យ​អ្នកកាសែត​ដទៃទៀតជា​អ្នកសួរម្តង។ សំណួរទី ២ ទី ៣ ក៏អាចមាន​ផងដែរ ប្រសិនបើមានការអនុញ្ញាត​ពី​លោក​​ប្រធានា​ធិបតី។ តាមរយៈការសម្រេច​ខាងលើរបស់សេតវិមាន ស្ថានីយ​ទូរទស្សន៍ CNN ក៏បានសម្រេច​ដកពាក្យបណ្តឹង​ ដែល​ខ្លួនបាន​ដាក់ចេញ​វិញដែរ។

គួរជម្រាបថា នៅក្នុងសន្និសីទ​សារព័ត៌មាន​ថ្ងៃទី០៧ ខែវិច្ឆិកា លោក ត្រាំ បានខឹងសម្បារ​ជាខ្លាំង នៅពេល​​លោក Acosta ជជីកសួរអំពី​រឿងស៊ើបអង្កេតលើ​ករណីរុស្ស៉ី ចូលលូកលាន់កិច្ចការ​បោះឆ្នោតនៅ​អាមេរិក​ឆ្នាំ​២០១៦ និង​អំពីរឿង​លំហូរ​ជនភៀសខ្លួន ដោយ​លោក ត្រាំ បានប្រាប់​ថា «បានហើយ​ឈប់សួរ» ប៉ុន្តែលោក Acosta នៅ​តែ​​ចចេស ខណៈដែល​បុគ្គលិកសេតវិមានម្នាក់​ ព្យាយាមទាញក្បាលមេក្រូ​ចេញពី​អ្នក​កាសែត CNN រូបនេះ៕