(បាងកក)៖ រានហាលកញ្ចក់ដ៏ព្រឺព្រួច ត្រូវបានគេបើកសម្ពោធឱ្យដំណើរការហើយ នៅលើដំបូលអគារខ្ពស់កប់ពពក នៃទីក្រុងបាងកកប្រទេសថៃ ដោយស្ថិតនៅក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
រានហាលក្រាលកញ្ចក់ថ្លាឆ្លុះដល់ក្រោមដ៏ព្រឺព្រួចឈ្មោះ មហាណាខន ស្កាយវ៉ក (Mahanakhon SkyWalk) មានទីតាំងស្ថិតនៅលើដំបូងនៃអគារខ្ពស់ជាងគេ នៅក្នុងទីក្រុងបាងកក គឺអគារ King Power Mahanakhon ដែលមានកម្ពស់ ៣១៤ម៉ែត្រ និងអនុញ្ញាតឱ្យភ្ញៀវទេសចរអាចផ្ដិតយករូបភាព ៣៦០ ដឺក្រេស្ទើរគ្រប់ជ្រុងនៃទីក្រុងបាងកក។
SkyWalk ត្រូវបានស្ថាបនាឡើងក្រោមគំរោងចំរុះមួយមានតម្លៃជិត ០១ពាន់លានដុល្លារ នៃអគារ King Power Mahanakhon ហើយដើម្បីដើរកំសាន្តនៅលើជាន់កញ្ចក់នេះបាន ភ្ញៀវទេសចរទាំងត្រូវពាក់ថង់ការពារកញ្ចក់ ពីលើស្បែកជើងពួកគេជាមុនសិន។
គួរជម្រាបថា រានហាលធ្វើពីកញ្ចក់ Mahanakhon SkyWalk មានទីតាំងស្ថិតនៅលើដំបូងនៃអគារខ្ពស់ជាងគេ នៅក្នុងទីក្រុងបាងកក King Power Mahanakhon ដែលស្ថិតនៅផ្លូវ ១១៤ (Narathiwas Road) នៃទីក្រុងបាងកក និងបើកដំណើរការជារៀងថ្ងៃចាប់ពីម៉ោង ១០៖០០ព្រឹក រហូតដល់ពាក់កណ្ដាលយប់៕