(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កងទ័ពឥណ្ឌាកំពុងចាប់ផ្ដើមធ្វើសមយុទ្ធយោធាមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយកងទ័ពរុស្ស៊ី ខណៈរថពាសដែកយោធាត្រូវបានផ្គត់ផ្គង់ដោយភាគីឥណ្ឌាជាស្រេច៕
២៖ គ្រោះទឹកជំនន់ និងបំណាក់ដីបានសម្លាប់ជីវិតមនុស្សយ៉ាងតិច ១២នាក់ ដោយសារមានការធ្លាក់ភ្លៀងខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ នៅភាគកណ្តាលប្រទេសវៀតណាម៕
៣៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ចាប់ផ្តើមរៀបចំការដំឡើងយានសម្រាប់ដឹកអវកាសយានិក Orion ដើម្បីត្រៀមសម្រាប់ការសាកល្បងហោះហើរដោយពេញលេញមួយនៃប្រព័ន្ធយានថ្មីនេះ ក្រោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA ទើបតែបញ្ជូនរបស់សំខាន់មួយមកដល់៕
៤៖ នៅចំពោះមុខភាពតានតឹងលើវិស័យពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បណ្តាមេដឹកនាំ APEC មិនអាចមូលមតិគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ តាមទំលាប់ដូចរាល់ដងឡើយនាឆ្នាំនេះ នៅពេលកិច្ចប្រជុំកំពូលនេះត្រូវបានបិទបញ្ចប់នៅប៉ាពួញូហ្គីណេ ដោយសារតែការខ្វែងគំនិតគ្នាជុំវិញអនាគតនៃវិស័យពាណិជ្ជកម្មពហុភាគី ខណៈវាគឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្រ្តនៃកិច្ចប្រជុំកំពូល APEC៕
៥៖ ខណៈដែលប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកទើបតែទម្លាក់មកសាជាថ្មីនោះ អារ៉ាប៊ីសាអូឌីតដែលជាអ្នកដុតដៃដុតជើងក្នុងបញ្ហានេះ បានចេញមុខអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ស្វែងរកវិធីបញ្ចប់ទាំងស្រុងនូវកម្មវិធីមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់៕
៦៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានអះអាងថា គ្មានឡើយការប្រគល់ដោយ ស្វ័យប្រវត្តិនូវដែនកោះជម្លោះទៅឱ្យជប៉ុន នៅក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅដើមឆ្នាំក្រោយនេះ៕