(រីយ៉ាដ)៖ ខណៈដែលប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកទើបតែទម្លាក់មកសាជាថ្មីនោះ អារ៉ាប៊ីសាអូឌីតដែលជាអ្នកដុតដៃដុតជើងក្នុងបញ្ហានេះ បានចេញមុខអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ស្វែងរកវិធីបញ្ចប់ទាំងស្រុងនូវកម្មវិធីមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការអំពាវនាវខាងលើនេះ ធ្វើឡើងដោយព្រះចៅ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតតែម្តងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ព្រះចៅ សាល់ម៉ាន់ (Salman) បានបញ្ជាក់យ៉ាងដូច្នេះថា «សហគមន៍អន្តរជាតិគួរតែបញ្ឈប់ប្រទេសអ៊ីរ៉ង់ កុំឲ្យបន្តកម្មវិធីផលិតមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរតទៅទៀត»។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៨ កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក អាឌី អាល់ ជូប៊ែរ (Adel al-Jubeir) បានលើកឡើងថា រាជាណាចក្រនេះនឹងរកអាវុធនុយក្លេអ៊ែរមកការពារខ្លួន ប្រសិនបើប្រទេសអ៊ីរ៉ង់សម្រេចបន្តកម្មវិធីមីស៊ីល-នុយក្លេអ៊ែររបស់ខ្លួនឡើងវិញនោះ៕