(ម៉ូស្គូ)៖ អ្នកនិពន្ធម្នាក់មកពីប្រទេសរូម៉ានី ដែលបានរកឃើញគំនូរ «Harlequin Head» របស់វិចិត្រករ ពីខាសសូ (Picasso) នៅក្នុងព្រៃបានឱ្យដឹងថា នាងបានទទួលសំបុត្រមួយច្បាប់ជាមួយការពន្យល់ថា គំនូរដ៏ល្អឯកដែលនាងបានបញ្ជូនឱ្យអាជ្ញាធររូម៉ានី គឺជា គំនូរក្លែងក្លាយ ដែលត្រូវបានគូរឡើងដោយវិចិត្រករប៊ែលហ្សិកពីរនាក់ ក្រោមគំរោងឈ្មោះ «True Copy» តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
គំនូរល្បីល្បាញចំនួន ០៧ ដែលត្រូវបានគូរចេញពីស្នាដៃវិចិត្រករល្បីល្បាញដូចជា Picasso, ម៉ូណែត (Monet), ហ្គរគីន (Gauguin), ម៉ាទីស្សេ (Matisse) និងលូសៀន (Lucian Freud) ត្រូវបានលួចចេញពីសារមន្ទីរ គុនស្តល (Kunsthal Museum) ក្នុងទីក្រុង រ៉ូតធើដាម (Rotterdam) ប្រទេសហូឡង់ អំឡុងអំពើប្លន់ដ៏កក្រើកមួយ កាលពីឆ្នាំ២០១២។
ដោយឡែកកាលពីដំបូង ក្រុមរដ្ឋអាជ្ញារូម៉ានីបានអះអាងថា អាជ្ញាធររូម៉ានីធ្លាប់ទទួលបានគំនូរមួយផ្ទាំងក្នុងចំណោម ០៧ផ្ទំាង ដែលត្រូវបានគេលួចនោះ និងចាំបាច់ត្រូវការការត្រួតពិនិត្យបន្ថែម។ ចំណែកឯអ្នកជំនាញបានប៉ាន់ប្រមាណថា គំនូរ «Harlequin Head» គឺមានតម្លៃ ៩១៥,០០០ដុល្លារ ឯណោះ។
គួរបញ្ជាក់ថា កាលពីជាងមួយសប្ដាហ៍មុន អ្នកនិពន្ធរូម៉ានីខាងលើគឺអ្នកនាង មីរ៉ា ហ្វេទីគូ (Mira Feticu) ក៏ធ្លាប់បានទទួលលិខិតមួយផងដែរពីជនអាណាមិក ដែលរៀបរាប់ពីរបៀបចូលទៅក្នុងព្រៃភាគខាងកើតប្រទេសរូម៉ានី ជាទីដែលគេលាក់ផ្ទាំងគំនូរ Harlequin Head។ អ្នកនាងបានប្រគល់រូបគំនូរនេះ ឱ្យអាជ្ញាធរដែលសន្មត់ថា វាគឺជាផ្ទាំងគំនូររបស់វិចិត្រករ Picasso៕