(ស្តុកហូម)៖ ជាផ្នែកនៃយុទ្ធនាការបោសសម្អាតក្រុមចលនាបះបោរនៅពីក្រោយការធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំ២០១៦ រដ្ឋអាជ្ញាតួកគីបានបើកការស៊ើបអង្កេតទៅលើក្មេងស្រីតួកគីម្នាក់ ដែលមានអាយុត្រឹម៤ឆ្នាំប៉ុណ្ណោះ ដែលមានទីលំនៅក្នុងខេត្ត Erzurum។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយមជ្ឈមមណ្ឌលសិទ្ធិមនុស្ស Stockholm Center for Freedom ហៅកាត់ថា SCF នាល្ងាចថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមឯកសារផ្លូវការមួយដែលមជ្ឈមណ្ឌល SCF ទទួលបាន រដ្ឋអាជ្ញាតួកគីលោក ហ្សូលហ្វូកើត អូណាល់ (Zülfükar Ünal) ដែលតំណាងឲ្យការិយាល័យប្រមុខរដ្ឋអាជ្ញានៃខេត្ត Erzurum បានចាប់ផ្តើមការស៊ើបអង្កេតមួយទៅលើក្មេងស្រីម្នាក់ឈ្មោះ Elif Zahide Tohumcu ដែលមានអាយុ៤ឆ្នាំ។
ឯកសារនេះបានបង្ហាញថាលោក អូណាល់ បានស្នើទៅកាន់ការិយាល័យរដ្ឋអាជ្ញាខេត្ត Mersin ជាកន្លែងដែលឪពុកម្តាយរបស់ក្មេងស្រី Elif Zahide Tohumcu បានចុះបញ្ជីស្នាក់នៅ ដើម្បីយកសក្ខីកម្មរបស់នាង និងប្រមូលភស្តុតាងផ្សេងៗដែលពាក់ព័ន្ធនឹងរូបនាង។
លោក អូណាល់ ក៏បានស្នើសុំឱ្យការផ្តល់សក្ខីកម្មរបស់ក្មេងស្រីអាយុ៤ឆ្នាំនោះ និងភស្តុតាងដែលប្រមូលបានត្រូវបញ្ជូនទៅការិយាល័យប្រមុខរដ្ឋអាជ្ញារបស់ខេត្ត Erzurum ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។ ហើយឯកសារនោះបានបង្ហាញថានាង Elif Zahide Tohumcu កើតនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០១៤ នៅស្រុក Pasinler ខេត្ត Erzurum ។
គួរជម្រាបថា បច្ចុប្បន្ននេះមានកុមារជាង៧០០នាក់ ត្រូវជាប់ក្នុងពន្ធនាគារប្រទេសតួកគី ដោយសារម្តាយរបស់ក្មេងៗទាំងនោះភាគច្រើនត្រូវបានចាប់ខ្លួន នៅក្រោមផ្នែកមួយនៃយុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើអ្នកគាំទ្រចលនា Gülen បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏ចម្រូងចម្រាសមួយនៅក្នុងប្រទេសតួកគីកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយភាគច្រើនពួកគេស្ថិតនៅក្នុងដំណាក់កាលឃុំឃាំងមុនការជំនុំជម្រះ និងមិនទាន់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋណាមួយនៅឡើយទេ៕