(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើការអំពាវនាវឲ្យទីក្រុងប៉េកាំងនិងម៉ានីលពង្រឹងកិច្ចសន្ទនា សំដៅដោះស្រាយវិវាទទឹកដីនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ស៊ី ជីនពីង បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវដោះស្រាយឲ្យបានត្រឹមត្រូវនូវភាពមិនចុះសម្រុងគ្នា តាមរយៈការពិគ្រោះយោបល់ប្រកបដោយភាពស្វាគមន៍ ការពង្រឹងកិច្ចសន្ទនា និងសហប្រតិបត្តិការជុំវិញបញ្ហាជម្លោះក្នុងដែនសមុទ្រ ហើយធ្វើឲ្យសមុទ្រចិនខាងត្បូង ក្លាយជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលពិតជាផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ»។
គួរជម្រាបថា ក្រៅពីចិន និងហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ព្រុយណេ និងវៀតណាម ក៏សុទ្ធតែបានទាមទារចំណែករៀងៗនៅដែនសមុទ្រ ដែលសម្បូរទៅដោយធនធានរាប់មិនអស់ និងជាច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់នេះផងដែរ៕