(អាមេរិក)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីចុងសប្តាហ៍មុនថា សហរដ្ឋអាមេរិកមិនពិចារណា ការបណ្តេញបព្វជិតមូស្លីមតាមសំណើរបស់តួកគីនោះទេ។ នេះបើយោងតាមសារព័ត៌មាន The Washington Times ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «វាគ្មានការពិចារណានោះឡើយ» រដ្ឋាភិបាលតួកគីកំពុងស្វែងរកការធ្វើបត្យាប័នលោក Fethullah Gulen ដែលជាសត្រូវរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ។ លោក Erdogan ចោទប្រកាន់លោក Gulen ថា ជាមេដឹកនាំរដ្ឋប្រហារមួយដែលបានបរាជ័យប្រឆាំងនឹង រូបលោកកាលពីឆ្នាំ២០១៦។
លោក Gulen ដែលកំពុងរស់នៅក្នុងរដ្ឋ Pennsylvania និងជាអ្នករស់នៅស្របច្បាប់ ជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក។ លោកបានបដិសេធក្នុងការចោទប្រកាន់ពីសំណាក់តួគី។
ជុំវិញបញ្ហានេះ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកតែងតែ «សម្លឹងរកមើល» ដើម្បីជួយប្រទេសតួកគី ជាពិសេសបន្ទាប់ពីការបញ្ចូនត្រឡប់មកវិញនូវគ្រូគង្វាលអាមេរិកលោក Andrew Brunson ដែលត្រូវបានជាប់ឃុំឃាំង នៅប្រទេសតួកគីអស់រយៈពេល ជិតពីរឆ្នាំមកហើយ៕